នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។

ថ្លែងទៅកាន់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ដោយបានធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ "ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា" ។ សម្តេចតេជោបន្តថា នេះគឺជាលើកទីមួយហើយដែលកិច្ចប្រជុំ CLMV ត្រូវបានរៀបចំឡើងដោយប្រទេសថៃ និងដឹកនាំដោយកម្ពុជា។ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃសម្រាប់ការសម្របសម្រួល ក្នុងកិច្ចប្រជុំនេះ។ ក្នុងរយៈពេល ១៤ឆ្នាំកន្លងទៅ បន្ទាប់ពីការបង្កើត CLMV ប្រទេស CLMV បានទទួលនូវវឌ្ឍនភាពជាច្រើន ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាល ប្រមុខរដ្ឋនៃប្រទេសទាំងបួនបានពិភាក្សាយ៉ាងស៊ីជម្រៅដោយផ្អែកលើស្មារតីមិត្តភាពទាក់ទងនឹងបញ្ហាប្រឈមរបស់ CLMV និងរួមគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងតួនាទីរបស់ CLMV សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស CLMV និងតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេស CLMV បានពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃវិស័យអាទិភាពចំនួន៨ រួមមាន វិស័យដឹកជញ្ជូន, ការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ, ឧស្សាហកម្ម , ទេសចរណ៍, ការអភិវឌ្ឍន៍ ធនធានមនុស្ស, កសិកម្ម, ថាមពល, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ ដើម្បីសំរេចគោលបំណងនេះ យើងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងការសម្របសម្រួលយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ CLMV និងការតភ្ជាប់ប្រជាជនជាមួយគោលដៅអាទិភាពដូចខាងក្រោម៖ ១)ស្តីពីកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូនប្រទេស CLMV ត្រូវបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែង និងសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន និងចលនាប្រជាជនរបស់ប្រទេស CLMV ។ ត្រូវបន្តលើកកម្ពស់ពាណិជ្ជកម្មឆ្លងកាត់តាមការធ្វើសុខដុមនីយកម្មនីតិវិធីពាណិជ្ជកម្មតាមព្រំដែន ការអភិវឌ្ឍន៍នៃបណ្តាញទីផ្សារព្រំដែន និងការសម្របសម្រួលនៃការវិនិយោគរបស់សហគ្រាស CLMV នៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។ ២)ចំពោះវិស័យឧស្សាហកម្មបណ្តាប្រទេស CLMV បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ឬឧស្សាហកម្ម ពិសេសយន្តការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យមក៏ដូចជាការលើកកម្ពស់ភាពជាសហគ្រិនឆ្លាតវៃ និងការពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងស្តង់ដារ និងការធ្វើសុខដុមនីយកម្មសមស្របដើម្បីកាត់បន្ថយ ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម។ ៣)សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេស CLMV នឹងជំរុញការកាត់បន្ថយឧបសគ្គដែលមិនចាំបាច់ដើម្បីសម្រួលដល់ការធ្វើដំណើរក្នុងប្រទេស CLMV និងទាក់ទាញភ្ញៀវទេសចរចូលមកកាន់ប្រទេស CLMV កាន់តែច្រើនជាពិសេស ជំរុញភាពជាដៃគូនៃផ្នែកឯកជនសាធារណៈក្នុងចំណោមបណ្តាប្រទេស CLMV ។ ៤) កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ធនធានមនុស្ស ជាផ្នែកមួយផ្សេងទៀតដែលប្រទេស CLMV បានប្តេជ្ញាជំរុញតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការអនុវត្ត ជាពិសេសការអប់រំវិជ្ជាជីវៈបច្ចេកទេស ការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សអោយមានគុណភាពខ្ពស់ និងបំពេញនូវតម្រូវការទីផ្សារការងារ បង្កើតមូលដ្ឋានទិន្នន័យ កម្មវិធីទីផ្សារការងារ និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកកម្ពស់កម្មវិធីរួមគ្នាក្នុងចំណោមស្ថាប័នបណ្ដុះបណ្ដាលភាសា និងភាសារបស់ CLMV និងកម្មវិធីផ្លាស់ប្តូររវាងមន្ត្រីអប់រំអ្នកជំនាញគ្រូបង្រៀនអ្នកគ្រប់គ្រង សិស្សនិស្សិត បង្កើតការរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមកសម្រាប់គ្រូបង្រៀន និងគ្រូបង្ហាត់វិជ្ជាជីវៈក្នុងចំណោមប្រទេស CLMV ។ ៥)បណ្ដាប្រទេស CLMV បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម តាមរយៈការបង្កើនផលិតផល និងពិពិធកម្មជំរុញការដាំដុះកសិឧស្សាហកម្មសម្រាប់ការនាំចេញ និងកែច្នៃតាមរយៈការអនុវត្ត«កិច្ចសន្យាកសិកម្ម»និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងព្រៃឈើតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ ៦)លើវិស័យថាមពលយើងត្រូវលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការថាមពលកាន់តែច្រើនជាពិសេសការតភ្ជាប់បណ្តាញអគ្គីសនីការធ្វើពាណិជ្ជកម្មថាមពលនិងការផ្លាស់ប្តូរថាមពលការកសាងសមត្ថភាព និងជំនួយបច្ចេកទេសដោយផ្អែកលើក្របខ័ណ្ឌអភិវឌ្ឍន៍ចីរភាពការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននិងការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមទាំងផលិតកម្ម នៃថាមពលស្អាតបង្កើនប្រសិទ្ធភាពថាមពល និងការអភិរក្ស។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ប្រទេស CLMV ត្រូវពន្លឿនការកសាងសមត្ថភាពលើជំនាញឌីជីថលដើម្បីរៀបចំសម្រាប់បដិវត្តនៃសេដ្ឋកិច្ចឌីជីថលលើកកំពស់ការតភ្ជាប់ឆ្លងកាត់ព្រំដែន និងសេវាកម្មដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមអ៊ីនធឺណែតសកម្មភាពសេដ្ឋកិច្ច និងវប្បធម៌សង្គម។ ទន្ទឹមនឹងនេះយើងក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ិនធឺរណែតរួមទាំងកិច្ចសហប្រតិបត្តិការរវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកកុំព្យូទ័រនៃប្រទេស CLMV (CLMV CERTs) ផងដែរ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា