នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup )

ឯកអគ្គរាជទូតថ្មីនៃប្រទេសថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា ។ លោក Panyarak Poolthup បានជំរាបជូនថា បេសកកម្មការទូតរបស់លោកមកកាន់កម្ពុជាពេលនេះ ធ្វើយ៉ាងណាពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែខ្លាំងឡើង ពង្រឹងនូវសុខសន្តិភាព ជាពិសេសទំនាកទំនង នៃការរស់នៅរវាងប្រជាជន អោយមានភាពជិតស្និតថែមទៀត។ ជាក់ស្តែង លោក ក៏បានជួបពិភាក្សាជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៌ ដើម្បីស្វែងរកចំនុចរួមក្នុងការជម្រុញអោយវិស័យទេសចរណ៌រវាងប្រទេសទាំងពីរមានកំណើន តាមរយៈការធ្វើដំណើរទស្សនកិច្ចរវាងកម្ពុជា និងថៃ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ ចំពោះការតែងតាំង លោក Panyarak Poolthup ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានសម្តែងនូវមោទនភាពចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ដែលមាននៅពេលនេះ ដោយទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ហើយកម្លាំងទិញរបស់កម្ពុជា ក៏មានធំផងដែរ។ ចំណែកផ្លូវដែក រវាងប្រទេសទាំងពីរ ត្រូវបានតភ្ជាប់ហើយ ដូចនេះប្រទេសទាំងពីរគប្បីពិនិត្យមើលបន្ថែមទៀតលើសក្តានុពលដែលមានស្រាប់ និងមិនទាន់មាន ដែលអាចជម្រុញលើវិស័យទេសចរណ៌ផង និងជម្រុញការវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិ្ចច ផង។ ក្នុងជំនួបនេះដែរ សម្តេចតេជោ នាករដ្ឋមន្ត្រី បានជូនពរដល់ លោក Panyarak Poolthup ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូរនៅកម្ពុជា៕