នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥

ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សន្និបាតនេះធ្វើឡើងក្រោម ប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ២០២៥» ក្នុងគោលបំណងបង្ហាញ ពីសមិទ្ធផលរយៈពេល ២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សន្និបាតនេះក៏មានគោល បំណងស្វែងរកឱកាស និងមធ្យោបាយនានា ដើម្បីគៀងគរធនធានសម្រាប់វិស័យសកម្មភាព មីនផងដែរ។ មុននឹងសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមបិទសនន្និបាតជាតិវិស័យសកម្មភាពមីននេះ សម្តេចតេជោ បានអញ្ជើញទស្សនាការតាំងពិពណ៌សកម្មភាពកម្ចាត់មីន និងកាកសំណល់មិនទាន់ ផ្ទុះដែលរៀបចំដោយអាជ្ញារធរមីន។ ក្នុងពិពណ៌នេះមានការបង្ហាញពីសកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកន្លងមកបានចូលរួមសកម្មភាពក្នុងការបោសសម្អាតមីននៅកម្ពុជា។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមបិទសន្និបាតជាតិវិស័យសកម្មភាពមីននាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានបន្សល់ទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ដែលបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ និងមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេបំផុត ក្នុងពិភពលោក។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា តាមរយៈប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ មានជនរងគ្រោះចំនួន ៦៤,៦៨៨នាក់។ កម្ពុជាតែងបានខិតខំរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហា នេះរហូតឈានដល់ការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនិងការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីនដែលបានទាញឲ្យចំនួនគ្រោះថ្នាក់ធ្លាក់ចុះជាប្រចាំ។ ជាក់ស្តែងជនរងគ្រោះបានថយចុះយ៉ាងខ្លាំងពី ៤,៣២០នាក់ នៅក្នុងឆ្នាំ១៩៩៦ មកនៅចំនួនប្រហែល ១០០នាក់ក្នុងមួយឆ្នាំជាមធ្យមក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ដើម្បីដោះស្រាយបញ្ហានេះ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប សម្តេចបានខិតខំពុះពារយ៉ាងលំបាកជម្នះគ្រប់ឧបសគ្គ ដើម្បីបង្រួបបង្រួមប្រទេសជាតិ រកសន្តិភាព និងបញ្ចប់សង្គ្រាមជូនប្រទេស និងប្រជាជនកម្ពុជា ដែលក្នុងពេលនោះដៃម្ខាងត្រូវប្រយុទ្ធទប់ស្កាត់ មិនឲ្យរបបប៉ុលពត វិលមកវិញ ហើយដៃម្ខាងទៀតខិតខំស្តារសង្គម សេដ្ឋកិច្ចក្នុងស្ថានភាព ដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពហ៊ុំព័ទ្ធខាងនយោបាយនិងសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអយុត្តិធម៌ទៀតផង។ តាមរយៈការអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស បញ្ចប់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ អង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានរំលាយ ហើយប្រទេសជាតិក៏ទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំនៅកម្ពុជា។ បច្ចុប្បន្ននេះប្រជាជនកម្ពុជាពិតជាបានឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍសង្គមជាតិ ការរីកចម្រើនលើគ្រប់វិស័យដែលកើតចេញពីគុណតម្លៃនៃសុខសន្តិភាពនេះ។ ក្នុងន័យនេះ បានបង្ហាញថា ប្រជាជនកម្ពុជាម្នាក់ៗ បានយល់ច្បាស់ណាស់ពីមហាវិនាសកម្មដោយសារសង្គ្រាមដូចមានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនថ្មីៗនេះ ហើយតែងតែបានប្តេជ្ញាចិត្តខ្ពស់ទោះបីក្នុងតម្លៃណាក៏ដោយមិនឲ្យបាត់បង់ទៅវិញជាដាច់ខាតនូវសុខសន្តិភាពនេះ ពីព្រោះលទ្ធផលនៃសន្តិភាពនេះបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការបន្ថយគ្រោះថ្នាក់ ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ កិច្ចដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិកម្ពុជា។ នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ បដិសេដចំពោះការលើកឡើងពីអ្នកបកស្រាយ ឬសារព័ត៌មានមួយចំនួនដែលលើកឡើងថា “គ្រាប់មីននៅកម្ពុជាស្អុយអស់ហើយ”។ សម្តេចតេជោ សូមកុំឲ្យមានការលើកឡើងបែបនេះ ពីព្រោះការនិយាយបែបនេះធ្វើឲ្យមានការភាន់ច្រលំ និងខ្វះការប្រុងប្រយ័ត្នពីប្រជាពលរដ្ឋ ពីព្រោះគ្រាប់មីនមិនស្អុយនោះទេ វាអាចបង្ករគ្រោះថ្នាក់គ្រប់ពេលវេលា។ នាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងមុតមាំថា “ដើម្បីឲ្យកម្ពុជាសម្រេបាន នូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលកំណត់ថា(កម្ពុជាគឺជាប្រទេសដែលគ្មាន មីនហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានកាត់បន្ថយឲ្យនូវកម្រិតអប្បបរមា និងមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រព្រឹត្តទៅដោយសុវត្ថិភាព”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញនូវអនុសាសន៍ ៥ចំនុចសំខាន់ៗរួមមាន៖ ១)ត្រូវបន្តពង្រឹងគុណភាពសុវត្ថិភាព គណនេយ្យភាព និងប្រសិទ្ធភាពចំពោះការងាររបស់ខ្លួន ដើម្បីទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។ ២)ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ស្តង់ដារជាតិ សកម្មភាពមីន ផែនការគោលការណ៍ណែនាំ និងសេចក្តីណែនាំនានាដែលចេញដោយអាជ្ញាធរមីន។ ៣)ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយអាជ្ញាធរមីនជាពិសេសការផ្តល់ទិន្ន័យព័ត៌មាន រួមមានព័ត៌មានស្តីពីហិរញ្ញវត្ថុ សម្ភារៈ កម្លាំងប្រតិបត្តិការ និងជំនួយបច្ចេកទេស។ល។ ដើម្បីឲ្យអាជ្ញាធរមីនមានលទ្ធភាពបូកសរុប និងរាយការណ៍ជូន រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។ ៤)ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធានាការរៀបចំ និងអនុវត្តផែនការបោសសម្អាតមីនប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់។ ៥)អាជ្ញារធរមីនត្រូវផ្តល់ជាត្រីវិស័យដល់បណ្តាលប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីគោរពឲ្យបាននូវ គោលការណ៍ណែនាំសម្រាប់ធ្វើផែនការបោសសម្អាតនិងបន្តដឹកនាំតាមការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន ២០១៨-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងគ្រប់គ្រងការងារវិស័យសកម្មភាព មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន ពិតជាបានធ្វើឲ្យការរៀបចំផែនការ ការកំណត់អាទិភាព ការតម្រង់ទិសការងារបោសសម្អាតមីន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាននិងគោលដៅអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ដើម្បីឲ្យកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីនជាស្ថាពរត្រឹមឆ្នាំ២០២៥ សម្តចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍ផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត សូមបន្តជួយគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាជាមួយអាជ្ញាធរមីន លើគ្រប់រូបភាព។ សម្តេចតេជោ ហ៊ុន សែន បានជូនពរ ដល់អង្គសន្និបាត និងមន្ត្រីអង្គការនានាដែលបានចួលរួមចំណែកក្នុងវិស័យដោះមីនកន្លងមក សូម ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សិរយយស ជូនដល់មន្ត្រីមានស្នាដៃល្អ និង អង្គការម្ចាស់ជំនួយនានា ដែលបានចូលរួមក្នុងសកម្មភាព កម្ចាត់មីននិងបោសសម្អាតមីននៅកម្ពុជា ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា