នៅព្រឹកថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំមកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៣,៩២១នាក់ នៅសាលមហោស្រពកោះពេជ្រ។

ពិធីជួបសំណេះសំណាលថ្ងៃនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារប្រកបដោយជោគជ័យក្នុងការជំរុញកំណែទម្រង់ប្រព័ន្ធអប់រំដើម្បីអោយកាន់តែមានគុណភាពប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំដោយផ្ទាល់ជាមួយបងប្អូនគ្រូបង្រៀន ដែលនេះជាជំនួបលើកទី៣ និងជាជំនួបលើកចុងក្រោយនៃការជួបជុំជាមួយ លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានអរគុណលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមទោះបីប៉ះចំថ្ងៃអាទិត្យក៏ដោយ។ សម្ដេចតេជោ ក៏បានកោតសរសើរ និងអរគុណដល់សមាជិក សមាជិការ របស់គណបក្សប្រជាជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្នុងតួនាទីរបស់ខ្លួន និងមានសាមគ្គីភាពបានល្អ ។ ពិតណាស់ គឺមិនមានគណបក្រណាដែលមានសមាជិកគាំទ្រច្រើនលើសលប់ដូចគណបក្រប្រជាជនកម្ពុជាឡើយ។ សម្ដេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ និងសមាជិក សមាជិការក្នុងវិស័យអប់រំដែលបានចូលរួមថែរក្សាសន្តិភាពរហូតមកដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបងប្អូនប្រជាពលរដ្ឋតែងតែបានបោះឆ្នោតគាំទ្រគណបក្រប្រជាជនរហូតមក។ ក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីតំលៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩៨។ គោនយោបាយឈ្នះ-ឈ្នះ នេះហើយដែលបានបញ្ចប់សង្រ្គាម នឹងបានធ្វើការបង្រួបង្រួមជាតិឡើងវិញដោយជោគជ័យ ដែលផ្តោតលើចំណុចសំខាន់ៗចំនួន៣ដូចជាៈ ១)ធានាការពារអាយុជីវិតប្រជាពលរដ្ឋក្នុងពេលធ្វើសមាហរណកម្ម ២)រក្សាអាជីពនិងមុខរបរជូនប្រជាពលរដ្ឋអោយនៅដដែល និង ៣)រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការរឹបអូស ហើយមានសិទ្ឋិសេរីភាពឈរជើងរស់នៅនិងប្រកបការងារជាធម្មតានៅទីតាំងនោះ។ លក្ខ័ណ្ឌទាំង ៣នេះហើយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចាកចេញពីក្រុមភាគីកម្ពុជាប្រជាធិបតេយ្យ មកចុះចូលធ្វើសមាហរណកម្មជាមួយជារាជរដ្ឋាភិបាលគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើអោយប្រទេសជាតិយើងមានសុខសន្តិភាពមកទល់សព្វថ្ងៃ។ សម្ដេចតេជោ ហ៊ុនសែនក៏មានប្រសាសន៍អំពីមោទនភាពដែលយើងបានឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើន ជាពិសេសដំណាក់កាលគ្រប់គ្រងរដ្ឋាភិបាលខ្វះសាច់ប្រាក់ តែឥឡូវនេះគឺមន្ត្រីរាជការរបស់យើង ទទួលបានប្រាក់បៀវត្សតាមធនាគារហើយ ហើយភាគច្រើនគឺបើកនៅសប្ដាហ៍ទី៣ នៃខែនីមួយៗបានទៀងទាត់។ សម្រាប់ខែឧសភា ២០១៨នេះ គឺយើងនឹងបើកកំឡុងថ្ងៃទី១៥ ១៦។ ទន្ទឹមនឹងនេះដែរ ចាប់ពីឆ្នាំ២០១៨ នេះទៅប្រាក់ខែគ្រូបង្រៀនគឺមិនតិចជាង ១លានរៀលនោះទេ ហើយនៅមានតម្លើងប្រាក់ខែជាបន្តបន្ទាប់ទៀតនៅរៀងរាល់ឆ្នាំ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមគាំទ្រមូលនិធិគន្ធបុផ្ផាកម្ពុជាអោយបានច្រើនថែមទៀត ដើម្បីប្រមូលថវិកាជួយដល់ដំណើរការរបស់មន្ទីពេទ្យគន្ធបុផ្ផា ជាពិសេស សូមប្រព័ន្ធផ្សព្វផ្សាយជួយបន្តផ្សព្វផ្សាយអោយបានច្រើនថែមទៀតពីការចូលជាសមាជិកមូលនិធិគន្ធបុផ្ផាកម្ពុជា។ នៅក្នុងកំណែទម្រង់ប្រព័ន្ឋអប់រំ សម្ដេចតេជោ ហ៊ុន សែន បានមានមោទនភាពចំពោះជោគជ័យដ៏ធំក្នុងវិស័យមួយនេះដែលបច្ចុប្បន្ននេះយើងមានប្រព័ន្ធអប់រំច្បាស់លាស់ប្រកបដោយគុណភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ ដែលជាសមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺត្រូវចូលរួមទាំងអស់គ្នាក្នុងចំនុច ៤សំខាន់ រួមមាន៖ ១)ខិតខំរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ឲ្យខានតែបាន ។ ២)បន្តចូលរួមក្នុងដំណើរការកំណែទម្រង់លើវិស័យអប់រំទាំងអស់គ្នាដើម្បីធ្វើឲ្យវិស័យនេះកាន់តែរីកចម្រើនថែមទៀត។ ៣)បន្តលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ទន្ទឹមនឹងការលើកកម្ពស់ជីវភាពគ្រូបង្រៀនតាមរយៈកំណែទ្រង់ហិរញ្ញវត្ថុ គឺការតំឡើងប្រាក់បៀវត្តន៍ជូនដល់មន្ត្រីរាជការ។ ៤)ចំពោះលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ដែលជាសមាជិក សមាជិការគណបក្ស គឺត្រូវរួមគ្នាគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនអោយបានគ្រប់ៗគ្នាដើម្បីធានាដល់ការងាររបស់ខ្លួន និងដើម្បីធានាសន្តិភាព និងការអភវិឌ្ឍន៍។ ចំពោះសមាជិកយើងគឺ សមាជិក១នាក់ សន្លឹកឆ្នោត១សន្លឹក ។ នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់នូវសៀវភៅអប់រំទូន្មានរបស់ភិរម្យអ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោគ្រូ អ្នកគ្រូ ចំនួន ៣,៩២១នាក់ ដោយគ្រូម្នាក់ទទួលបាន សៀវភៅចំនួនពីរក្បាល រួមនឹងថវិការមួយចំនួនទៀតផងដែរ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ លោកគ្រូ អ្នកគ្រូ ទាំងអស់សូមជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀតក្នុងការអប់រំ និងផ្តល់នូវចំណេះដឹងដល់កូនខ្មែរសម្រាប់ថ្ងៃនេះ និងសម្រាប់ជំនាន់ក្រោយៗជាបន្តទៀត៕