នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២(ប្រជុំពេញអង្គ) ដែលមានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល

និងថ្នាក់ដឹកនាំទាំងដែលជាសមាជិកអាស៊ានទាំង១០ប្រទេស ។ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ មេដឹកនាំអាស៊ាន បានព្រមព្រៀង អនុម័តលើទស្សនវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ដែលបញ្ជាក់ពីគោលជំហ និងបំណងប្រាថ្នាជាយុទ្ធសាស្រ្តរបស់អាស៊ាន ក្នុងបរិបទនៃរបត់ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ពិសេសទៅទៀត មេដឹកនាំអាស៊ាន បានឯកភាពគ្នាបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន ដើម្បីបញ្ចូលកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរួម ចែករំលែកនូវឧត្តម្មានុវត្តន៍ និងជំរុញកាលានុវត្តភាពបន្ថែមទៀត សម្រាប់កំណើន នវានុវត្តន៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបានអនុម័តសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងការទទួលស្គាល់នូវភាពបន្ទាន់ដែលកាន់តែកើនឡើង និងភាពស្មុគស្មាញ់ នៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណែតឆ្លងដែន។ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រ ជាមានិតកូរ៉េ ឯកឧត្តម គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន ពិសេសជំនួបទ្វេភាគីនៃបងប្អូនកូរ៉េ ទាំងពីរកាលពីម្សិលមិញ ដែលនាំដល់សញ្ញាវិជ្ជមានដ៏ល្អសម្រាប់តំបន់ និងអន្តរជាតិ និងការប្រកាសគម្រោងជំនួបទ្វេភាគី រវាងប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាពេលអនាគត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ថយភាពតានតឹង និងធ្វើការឆ្ពោះទៅរកដំណោះស្រាយប្រកប ដោយសន្តិវិធី នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញឡើងថ្លែងសន្ទរកថា ដែលមានខ្លឹមសារថា សម្តេចពិតជាមានសេចក្តីរីករាយដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ និងបានអរគុណដល់ប្រទេសសិង្ហបុរីដែលបានធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់បំផុត។ តាមរយៈប្រធានបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងនិងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងបរិបទតំបន់ និងពិភពលោកដែលកំពុងវិវឌ្ឍន៍នៃបញ្ហានយោបាយសេដ្ឋកិច្ចនិងសង្គមក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ អាស៊ានគឺជាសហគមន៍មួយ ដោយមានគោលបំណងដើម្បីរក្សាភាពរឹងមាំនិងដើម្បីចាប់យកសក្តានុពលខ្ពស់បំផុតនៃការអភិវឌ្ឍបច្ចេកវិទ្យា។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានផ្តល់នូវទស្សនៈសំខាន់ៗមួយចំនួនដូចជា៖ ១)អាស៊ានត្រូវពន្លឿនការអនុវត្តផែនការដែលបានកំណត់បញ្ចប់កិច្ចព្រមព្រៀង ដោយបង្កើនប្រសិទ្ធិភាពក្នុងការសម្របសម្រួលស្ថាប័នក្របខ័ណ្ឌច្បាប់ពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុពាណិជ្ជកម្មនិងសេដ្ឋកិច្ច។ អាស៊ានត្រូវរៀនសូត្រឱ្យបានទៀងទាត់ដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី ចំពោះការផ្លាស់ប្តូរគំនិត ពីព្រោះអ្វីដែលធ្វើឱ្យអាស៊ានខុសពីក្រុមក្នុងតំបន់ដទៃទៀតគឺកិច្ចសហប្រតិបត្តិការល្អការទទួលយកនូវឱកាសថ្មីៗ។ ២)នៅក្នុងបរិបទនៃការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្ម អាស៊ានត្រូវតែហ៊ានប្រឆាំងនឹងនិន្នាការការពារនិយមនេះ តាមរយៈការបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការធ្វើសមាហរណកម្មតំបន់ឱ្យបានទូលំទូលាយតាមរយៈការដោះស្រាយបញ្ហាធំ ៗ ដូចជាវិធានការមិនមែនពន្ធគយបញ្ហាសម្របសម្រួលពាណិជ្ជកម្ម ការអនុវត្តន៍ច្រកចេញចូលតែមួយរបស់អាស៊ាន។ ៣)ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញលើការធ្វើពាណិជ្ជកម្មនិងផលិតកម្មក៏ដូចជាការសម្របខ្លួនដោយជោគជ័យជាមួយបច្ចេកវិទ្យាថ្មីៗអាស៊ានប្រាកដជាមានការងារអាទិភាពជាច្រើនត្រូវបានបញ្ចប់រួមទាំងបន្តពង្រឹងវិស័យអប់រំនិងការអភិវឌ្ឍជំនាញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាពិសេសលើ ការដឹកជញ្ជូននិងទូរគមនាគមន៍ការស្រាវជ្រាវការអភិវឌ្ឍនិងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។ ៤)ប្រទេសកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់មេដឹកនាំអាស៊ានដែលមានភាពរឹងមាំនិងច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការកសាងសហគមន៍មួយដែលពោរពេញទៅដោយភាពបើកចំហ តម្លាភាព និងការបញ្ចូលគ្នាដោយផ្តោតអភិក្រម នៃការយកចិត្តទុកដាក់លើប្រជាជនជាពិសេសយុវជន និងតម្រង់ជាមួយនឹងឱកាសនៃការអភិវឌ្ឍបច្ចេកវិទ្យានិងការច្នៃប្រឌិតខ្ពស់តាមរយៈការតភ្ជាប់ឌីជីថល ឆ្លាតនិងធន់។ ៥)ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល គឺជាឱកាសដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការប្រើអ៊ិនធឺណេតសម្រាប់អំពើភេរវកម្មនិងឧក្រិដ្ឋកម្មផ្សេងៗក៏ដូចជាការផ្សព្វផ្សាយសកម្មភាពភេរវកម្មគឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិ, តំបន់ និងពិភពលោក។ ប្រទេសកម្ពុជារំពឹងថាការអនុវត្តសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះប្រាកដជានឹងជំរុញឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេសអាស៊ានលើគោលនយោបាយសន្តិសុខអ៊ីនធឺណិតនិងគំនិតផ្តួចផ្តើមកសាងសមត្ថភាពតាមរយៈការចែករំលែកបទពិសោធន៍បទពិសោធន៍និងការច្នៃប្រឌិតថ្មី។ ៦)ប្រទេសកម្ពុជាជឿជាក់ថាតាមរយៈគំនិតផ្តួចផ្តើមក្នុងការបង្កើតបណ្តាញ Smart Cities អាស៊ាននឹងអាចស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះនៅក្នុងការអនុវត្តជាក់ស្តែងការរៀបចំទីក្រុងអាស៊ាន Smart Cities ក៏ត្រូវយកចិត្តទុកដាក់ផងដែរលើចំនុចមួយចំនួនដូចជា (1) បង្កើតយន្តការគ្រប់គ្រងប្រតិបត្តិការដោយខ្លួនឯង។ (2) បង្កើតយន្តការហិរញ្ញវត្ថុដែលអនុគ្រោះដែលអាចអនុវត្តជាក់ស្តែងដើម្បីជួយអភិវឌ្ឍទីក្រុងឆ្លាតវៃសម្រាប់ប្រទេសសមាជិកអាស៊ាននីមួយៗ។ និង (3) បង្កើតស្តង់ដាររួមនិងយន្តការដើម្បីទ្រទ្រង់ការអភិវឌ្ឍទីក្រុងអាស៊ានទាំងមូល៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា