នៅព្រឹកថ្ងៃ អាទិត្យ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សហជីពកម្មករ ចំនួន ៤,៣៥០នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។

ការជួបជុំសំណេះសំណាលនាព្រឹកនេះ គឺជាការស្វែងយល់ពីសុខទុក្ខ សកម្មជនសហជីព សាខាគណបក្សតាមរោងចក្រ សមាគមបុគ្គលិកសិក្សា និងបងប្អូនតំណាងកម្មករទូទាំងប្រទេសផងនិងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្ម អន្តរជាតិ ១ឧសភា ផងដែរ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកជួបសំណេះសំណាល ជាមួយ សហជីពកម្មករ ក៏ដូចជាការអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលកម្ពុជាប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីលើកទឹកចិត្ត និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្មករកម្មការនីយើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើន និងអភវិឌ្ឍន៍របស់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ។ អ្វីដែលយើងសម្រេចបានទាំងអស់នេះ គឺដោយសារតែកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា សព្វថ្ងៃនេះវិស័យឧស្សាហកម្ម និងវិស័យកសិកម្មគឺបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន។ បរិយាកាសការងារល្អនៅតាមបណ្តារោងចក្រនានាគឺបានជួយជំរុញដល់លើកកម្ពស់គុណភាពវិស័យឧស្សាហកម្មផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសេវាឡានក្រុង របស់សាលារាជធានីភ្នំពេញដែលបានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនី ទៅស្រុកកំណើត ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងពេលថ្មីៗនេះដែលមានបងប្អូនកូនក្មួយធ្វើដំណើរប្រមាណជាង ៨,៨៣៥នាក់ និងពេលត្រលប់វិញមកវិញមានអ្នកដំណើរប្រមាណ ៥,២៤២នាក់ ដោយមានអ្នកខ្លះមិនទាន់ត្រឡប់មកវិញនៅឡើយ។ ជាមួយគ្នានោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនឡាដឹកជញ្ជូនរបស់ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលបានផ្តល់ឡានក្រុងដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺសាលារាជធានីភ្នំពេញនឹងត្រៀមឡានក្រុងប្រមាណ ២០០ ឡានដើម្បីផ្តល់ការដឹកជញ្ជូនដល់បងប្អូនកូនក្មួយកម្ម ដោយមិនយកលុយ ដើម្បីជួយកាត់បន្ថយការចំណាយនានារបស់កូនក្មួយកម្មករ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកូនក្មួយកម្មករកម្មការនី សូមចូលរួមរក្សាសន្តិភាពឲ្យខានតែបានដើម្បីរក្សាការពារមុខរបរ អាជីព និងការងារ ដែលកំពុងមានសព្វថ្ងៃ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀតដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីយ៉ាងហោចណាស់មានរយៈពេល២អាណត្តិទៀត។ នៅក្នុងពិធីជួបជុំសំណេះសំណាលព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់ សហជីពកម្មករ ចលនាសហជីព បុគ្គលិកសិក្សា ចំនួន៤,៣៥០ នាក់ផងដែរ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយសហជីពកម្មករ ទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ និងជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕