ពិធីបុណ្យចូលឆ្នាំប្រពៃណីថ្មីប្រពៃណីជាតិខ្មែរ បានកន្លងផុតអស់រយៈពេល៣ថ្ងៃមកនេះក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេសនៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា។ ទន្ទឹមនឹងនេះដែរ គឺបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក៏បានជួបជុំក្រុមគ្រួសារអបអរសាទរទេវតាឆ្នាំថ្មីធ្វើបុណ្យដាក់ទាននៅតាមវត្តអារាម

ព្រមទាំងកំសាន្តសប្បាយនៅតាមរមណីយដ្ឋានជាច្រើននៅទូទាំងប្រទេស។ កត្តាសុខសន្តិភាពគឺមានតម្លៃនិងសារៈសំខាន់ខ្លាំងណាស់ ដែលបានផ្តល់ឱកាសអោយយើងទាំងអស់គ្នាទទួលបាននូវភាពរីករាយគ្រប់ៗទីកន្លែង។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី២០១៨ លើទឹកដីសៀមរាបអង្គរ គឺបានផ្តល់នូវភាពភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងច្រើនកុះករ។ នេះក៏ជាព្រឹត្តិការណ៍បណ្តុះគំនិតកូនខ្មែរអោយចេះស្រលាញ់កេរ្តិ៍ដំណែលមរតក សិល្បៈ វប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ពីដូនតាអោយនៅស្ថិតស្ថេរគង់វង្សដើម្បីប្រទេសជាតិ និងកូនខ្មែរគ្រប់ជំនាន់។ ខ្ញុំសូមអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានចូលរួមការពារថែរក្សាសុវត្តិភាពសណ្តាប់ធ្នាប់សាធារណៈបានល្អ ជូនដល់ប្រជាពលរដ្ឋ និងទេសចរបានសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ឋនានា សិល្បៈករ សិល្បៈការនី សមាគម អង្គការ ក្រុមហ៊ុន និងអ្នកឧបត្ថម្ភទាំងអស់ ព្រមទាំង សហភាពសហព័ន្ឋយុវជនកម្ពុជាដែលបានចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានជោគជ័យធំធេងក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណដល់ភ្នាក់ងារ និងកម្លាំងដឹកជញ្ជូនតាមរថយន្តក្រុងទាំងអស់ ដែលបានដឹកជញ្ជូនបងប្អូនកូនក្មួយពីភ្នំពេញទៅតាមបណ្តាខេត្តនានាក្នុងឱកាសចូលឆ្នាំថ្មីនេះ ទាំងទៅទាំងមក ដោយយកចិត្តទុកដាក់ខ្ពស់ផ្តល់សុខសុវត្តិភាពដល់បងប្អូនអ្នកធ្វើដំណើរ និងកូនក្មួយកម្មករ។ បងប្អូនអាចប្រើប្រាស់សេវាឡានក្រុងដោយមិនបង់លុយរហូតដល់ថ្ងៃទី ១៨ មេសា ២០១៨ ស្អែកនេះ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ចំពោះបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកម្មករកម្មការនីធ្វើដំណើរវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ ឬមកកាន់ទីកន្លែងការងារវិញសូមប្រកបដោយសុត្តិភាពគ្រប់ៗគ្នា។ ខ្ញុំសូមជូនពរប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារប្រទេសនៅតាមព្រំដែន និងកងទ័ពមួកខៀវកម្ពុជាដែលកំពុងឈរជើងការពារសន្តិភាពនៅតាមប្រទេសនានាក្រោមឆ័ត្រ UN ទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខានឡើយនៅក្នុងឆ្នាំថ្មីនេះ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា