នៅព្រឹកថ្ងៃ១៣រោច ខែចេត្រ ឆ្នាំច នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨

នៅបរិវេណមុខប្រាសាទបាយ័ន ខេត្តសៀមរាប។ នៅក្នុងពិធីដ៏វិសេសវិសាលនេះក៏មានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ អន្តរជាតិ និងយុវជនយ៉ាងច្រើនកុះករ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកអង្គរសង្ក្រាន្ត២០១៨ព្រឹកនេះ។ នេះគឺលើកទី៦ហើយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ហើយជាលើកទី៤ ដែលសម្ដេចបានអញ្ញើញចូលរួម។ នៅឆ្នាំនេះ សង្ក្រាន្តឆ្នាំថ្មីត្រូវបានរៀបចំឡើងនៅតាមបណ្ដាខេត្តក្រុងជាង១០ផ្សេងទៀត ដើម្បីបង្ហាញអំពីកេរ្ត៍តំណែលវប្បធម៍ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ដែលជាមោទនៈភាពជាតិយើង។ ទន្ទឹមនឹងនេះ គឺបងប្អូនប្រជាពលរដ្ឋ និងទេសចរអាចមានឱកាសបានកំសាន្តសប្បាយនៅតាមបណ្តាខេត្តទាំងនោះបានយ៉ាងងាយស្រួលទៀតផង។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណ និងកោតសរសើរ ដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមរៀបចំកម្មវិធីនេះអស់រយៈពេល៦ឆ្នាំជាប់ៗគ្នា និងបានថែរក្សាការពារសណ្ដាប់ធ្នាប់ក្នុងពិធីនេះបានយ៉ាងល្អ ជាពិសេស សម្ដេចតេជោ ក៏ថ្លែងអំណរគុណ ដល់ក្មួយៗដែលជាយុវជនចំនួនជាង៤,០០០នាក់ ដែលបានចូលរួមជួយនៅក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានគាំទ្រដោយមិនរុញរា និងផ្ដល់លទ្ធភាពអោយយុវជន ដើម្បីបានចូលរួមក្នុងសកម្មភាពផ្សេងៗដើម្បីជួយជំរុញការអភិវឌ្ឍសង្គម ដូចជាព្រឹត្តិការណ៍សង្រ្កាន្តនេះជាដើម។ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ គឺក្រោមប្រធានបទ “សាទរចំពោះមរតដូនតា” ដែលបាននាំមកនូវការបង្ហាញនៃការតាំងពិពណ៍ជាច្រើនរហូតដល់ទៅ២៣ទម្រង់ ដើម្បីជូនដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បានឃើញ ពីសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏សម្បូរបែប។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នេះ សូមមានការយោគយល់ និង ចូលរួមថែរក្សាអភិរក្សតំបន់ប្រាង្គប្រសាទបេតិកភ័ណ្ឌរបស់យើង គឺធ្វើយ៉ាងណាកុំធ្វើការរុករានលើតំបន់អភិរក្សនេះក៏ដូចជាតំបន់ផ្សេងៗទៀតផងដែរ។ នៅក្នុងការរៀបចំអង្គរសង្ក្រាន្តនេះ គឺបានផ្ដល់ផលប្រយោជន៍ចំនួន០៤ សំខាន់ៗ៖ ១) គឺបានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងខេត្តសៀមរាបតាមរយៈការទាក់ទាញភ្ញៀវទេសចរ មកលេងខេត្តនេះកាន់តែច្រើនឡើង។ ២) បានផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ៣)គឺបានឆ្លុះបញ្ចាំង ពីសាម្គីភាព មិត្តភាព ភាតរភាព ក្នុងចំណោមមហាក្រុមគ្រួសារបងប្អូនខ្មែរទាំងអស់ ជាពិសេសនៅក្នុងស្រទាប់យុវជន។ ៤)តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ គឺបានជំរុញអោយមានព្រឹត្តិការណ៍សង្ក្រាន្តកាន់តែច្រើនឡើងថែមទៀត នៅតាមបណ្ដាខេត្តក្រុងផ្សេងៗ។ ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមថែរក្សាការពារសន្តិភាពអោយខានតែបាន ដើម្បីធានាការអភិវឌ្ឍបន្តបន្ទាប់។ សម្ដេចតេជោ បានបញ្ជាក់ថា ទោះជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ គឺយើងត្រូវតែការពារថែរក្សាសន្តិភាពអោយបាន។ បើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍដែរ ហើយក៏គ្មានអង្គរសង្រ្កាន្តថ្ងៃនេះដែរ។ សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា នៅក្នុងឆ្នាំនេះប្រជាពលរដ្ឋយើងកាន់តែសប្បាយរីករាយបន្ថែមទៀត ដោយផ្អែកលើកត្តា០៤យ៉ាងសំខាន់ៗ៖ ១)កត្តាសន្តិភាព បានធ្វើអោយប្រជាពលរដ្ឋអាចធ្វើដំណើរគ្រប់ទីកន្លែងដោយមិនមានការភ័យខ្លាច។ ដែលនេះជាឆ្នាំទី២០ ដែលយើងបានបញ្ចប់សង្រ្គាម នឹងទទួលបានសន្តិភាព ឯករាជ្យ ឯកភាពផ្ទៃក្នុងទាំងស្រុង១០០%។ ២)ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលយើងបានកសាង គឺបានផ្ដល់ភាពកាន់តែងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។ ៣)មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានកាន់តែច្រើន ខ្លះប្រើយានយន្តផ្ទាល់ខ្លួនដូចជា ម៉ូតូ ឡាន ខ្លះរថយន្តតាក់ស៊ីជាដើម។ ៤)ប្រាក់ចំណូល របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងបងប្អូនកូនក្មួយកម្មករឮក៏កាន់តែច្រើន ។ មុននឹងបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្វាយព្រះពរព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចយាយ ព្រមទាំងប្រគេនពរ និងជូនពរព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងថ្ងៃបើកសង្ក្រាន្តឆ្នាំថ្មី ទី ១៣ មេសា ឆ្នាំ ២០១៨ ឆ្នាំច សមរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ជួបតែសេចក្តីសុខចម្រើន៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា