នៅល្ងាចថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលផ្តល់កិត្តិយសពិសារបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកចូលរួម ពិសារបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន និងអបអរសាទរ ចំពោះជំនួបជាលើកទី២នេះ។ សម្តេចតេជោនាយករដ្ឋន្ត្រី បានថ្លែងអំណរគុណដល់សមាគមខ្មែរ-ចិនដែលបានចូលរួមចំណែកក្នុង ការអភវិឌ្ឍនប្រទេសកម្ពុជាជាបន្តបន្ទាប់។ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជាបានធ្វើឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ជាពិសេសនាពេលខាងមុខនេះភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា នឹងកើនរហូតដល់ជាង ៣លាននាក់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណ និងគាំទ្រដល់សមាគមន៍សម្ព័ន្ធខ្មែរ-ចិនផងដែរ ដែលនឹងរៀបចំបង្កើត គម្រោងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា គាំទ្រចំពោះសមាគម ដែលមានគម្រោង បង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ និងវិស្វកម្មដល់និស្សិតទូទាំងប្រទេស ហើយបច្ចុប្បន្ននេះសមាគមបាននិងកំពុងពិភាក្សាកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបច្ចេកទេសធានជិននៅប្រទេសចិនរួចហើយដែរ។ ជាមួយគ្នានោះសម្តេចតេជោ ក៏គាំទ្រសមាគមខ្មែរ-ចិន ដែលនឹងបង្កើតក្រុមការងារយុវជនដើម្បីឲ្យចូលរួមក្នុងកម្មវិធីសម្បុរសធម៌សង្គម និងអប់រំយុវជនសម្រាប់បន្តវេន។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យសមាគមន៍ខ្មែរ-ចិន ចូលរួមទាំងអស់រួមគ្នាក្នុងការទ្រទ្រង់ និងគាំទ្រចំពោះគម្រោងបង្កើតមូលនិធិគន្ធាបុប្ផាកម្ពុជាដែលនឹងត្រូវដាក់ឲ្យដំណើរការនៅថ្ងៃស្អែកនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ដើម្បីក្លាយជាសមាជិក ក្នុងគម្រោងមូលនិធិគន្ធាបុប្ផានេះត្រូវបង្តើតសមាជិក ៣ប្រភេទ៖ ១)សមាជិក ស្ថាបនិក គឺជាសមាជិកដែលត្រូវចូលរួមវិភាគទាន ចាប់ពី ២០,០០០ ដុល្លារឡើងទៅ។ ២)សមាជិកកិត្តិយស គឺជាសមាជិកដែលត្រូវចូល រួមវិភាគទាន ចាប់ពី ៥,០០០ ដុល្លារឡើងទៅ។ ៣) សមាជិកគាំទ្រ គឺជាសមាជិកដែលមានការចូលរួមថវិការចាប់ពី ៥,០០០រៀលក្នុងមួយខែ ឬ ៦០,០០០រៀលក្នុងមួយឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឈឹមថាតាមរយៈសកម្មភាពនេះនឹងមានការចូលរួមពីបងប្អូនសមាគមខ្មែរ-ចិនដើម្បីរួមចំណែកជួយដល់កុមារកម្ពុជារបស់យើងដែលកំពុងត្រូវការជួយសង្គ្រោះជារៀងរាល់ថ្ងៃ។ នៅថ្ងៃនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ្ញា គិត ម៉េង ដែលបានបរិច្ចាគផ្ទៃដីចំនួន ១៣៧២ ម៉ែត្រការ៉េ ដែលគិតជាទឹកប្រាក់ចំនួនប្រមាណ ៨លានដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមនៅក្នុងមូលនិធិគន្ធបុផ្ផានេះ ដែលដីនេះបានជួលអស់រយ:ពេលជាង១៨ឆ្នាំមកហើយ ហើយនៅពេលនេះគឺដីនេះបានក្លាយជាកម្មសិទ្ធស្របច្បាប់របស់មន្ទីពេទ្យគន្ធបុផ្ផាតែម្ដង ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់។ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់បងប្អូនខ្មែរ-ចិនដែលកន្លងមកតែងតែគាំទ្រចំពោះការ ដឹកនាំរបស់សម្តេច ហើយសម្តេចតេជោ នឹងបន្តនៅជាមួយប្រជាពលរដ្ឋយើងជាបន្តទៀត។ ចិន និងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការណ៍ជាបន្តទៀតលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ បានជូនពរបងប្អូនខ្មែរ-ចិន ទាំងអស់ ជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា