នៅល្ងាចថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេរភាគីជាមួយ ឯកឧត្ដម Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ឯកឧត្ដម នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ប្រតិភូវៀតណាមយ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តម ក៏បានសម្តែង នូវការអបអរសាទរ និងជូនពរចំពោះសម្តេចតេជោ ក្នុងឱកាសថ្ងៃខួបកំណើតសម្តេចតេជោ នាយករដ្ឋមន្ត្រីគំរប់ខួប៦៧ ឈានចូល៦៨ឆ្នាំ ហើយក៏សូមអបអរសាទរ និងជូនពរ សម្តេចតេជោ និង សម្តេចកិត្តិបណ្ឌិត ព្រមទាំង ក្រុមគ្រសារ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមឲ្យសម្តេចតេជោ និងប្រជាពលរដ្ឋទាំងមូលទទួលបាននូវសេចក្តីសុខចម្រើន។ នៅក្នុងជំនួបនេះដែរ ឯកឧត្ដមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានចូលរួមសន្និសីទ GMS និង CLV នៅប្រទេសវៀតណាមកន្លងទៅថ្មីៗនេះ។ ឯកឧត្ដម នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថាខ្លឹមសារសន្ទរកថារបស់សម្តេចតេជោ កាលនោះខ្លីតែមានអត្ថន័យពេញលេញគ្រប់ជ្រុងជ្រោយទាំងអស់ ហើយក៏សូមថ្លែងអំណរគុណសម្តេចតេជោ ផងដែរ ក្នុងការចូលរួមកិច្ចប្រជុំធុរៈកិច្ច ហើយក៏បានចុះហត្ថលេខាលើកការមិនយកពន្ធត្រួតគ្នា ដែលនេះជាឱកាសមួយបានបើកបង្ហាញលើទឹកចិត្តវិនិយោគិនមកវិនិយោគនៅវៀតណាម និងកម្ពុជាកាន់តែច្រើនឡើង។ ឯកឧត្ដម នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានគោរពវាយតំលៃខ្ពស់ចំពោះ កិច្ចប្រជុំលើកទី៣នៃគណៈកម្មការទន្លេមេគង្គនេះ ដែលកិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍កិច្ចព្រមព្រៀងអាងទន្លេមេគង្គ និងការគ្រប់គ្រងទន្លេមេគង្គប្រកបដោយនិរន្តភាព។ លើពីនោះទៅទៀត ឯកឧត្ដមនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសម្តេចតេជោ អំពីរកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ជាពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង ៤ពាន់លានដុល្លារ ដែលកើនឡើងប្រមាណជាង២៥% ហើយការវិនិយោគរវាងប្រទេសទាំង ក៏មានការកើនឡើងកាន់តែខ្លាំងផងដែរ។ ឯកឧត្ដមនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា តាមរយៈការចុះហត្តលេខាមិនយកពន្ធត្រួតគ្នាកន្លងមកនោះ នឹងជួយជំរុញការវិនិយោគ និងទំហំពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនថែមទៀត។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតជៀសវាង ការទទួលព័ត៌មានមិនពិត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ដែលបានជូនពរសម្តេចក្នុងឱកាសខួបកំណើតនៅថ្ងៃនេះ និងប្រជាពលរដ្ឋទាំងមូលផងដែរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ សម្តេចតេជោ បានឯកភាពជាមួយ ឯកឧត្ដមនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខណ្ឌ GMS និង CLV កន្លងមក រួមនឹងការវាយតំលៃលើកវិស័យសេដ្ឋកិច្ច ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប៉ុន្តែសម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា យើងគប្បីពិនិត្យមើល និងបង្កលក្ខណៈថែមទៀតដើម្បីការធ្វើទំនាក់នងអាជីវកម្មរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតជាពិសេសនៅតាមតំបន់ព្រំដែន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការចុះហត្ថលេខាមិនយកពន្ធត្រួតគ្នានេះនឹងធ្វើអោយទំហំពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំង២ មានកើនឡើងកាន់តែខ្លាំងបន្ថែមទៀត៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា