នៅរាត្រី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីពិធីលៀងសាយភោជន៍រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម វ៉ាង យី ( Wang Yi) រដ្ឋមន្រ្តីការបរទេសចិននៅសាលសន្និសីទជាតិវៀតណាម ទីក្រុងហាណូយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការជូនពរជូន ឯកឧត្តម វ៉ាង យី

ដែលត្រូវបានសភាប្រជាជនចិនបោះឆ្នោតជ្រើសតាំងជារដ្ឋមន្រ្តីការបរទេសចិនសារជាថ្មីម្តងទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានផ្តាំផ្ញើតាមរយះឯកឧត្តមរដ្ឋមន្រ្តី ផ្ញើជូននូវការជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង ឯកឧត្តម លី ខឺឈាង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីចិន សាជាថ្មីម្តងទៀត។ ឯកឧត្តម វ៉ាង យី មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសន្ទនាសារជាថ្មីម្តងទៀត ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីចិនបានបន្តថា កាលពីឆ្នាំ២០១៧កន្លងទៅ ឯកឧត្តមប្រធានាធិបតីចិន បានជួបពិភាក្សាការងារចំនួនពីរដងជាមួយ សម្តេចតេជោ ហើយកាលពីខែមករាកន្លងទៅ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ជំរាបជូន សម្តេចតេជោ ថាប្រទេសចិនបានតាមដាននិងគាំទ្រនូវវិធានការទាំងឡាយដែលសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍នាពេលកន្លងមក ក្នុងការពារនិងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា ពិសេសការការពារកិត្តិយសជាតិរបស់កម្ពុជា។ តាមរយះនេះ ប្រទេសចិនសូមគាំទ្រនូវមាគ៌ានៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត ជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំចិនសូមគាំទ្រនិងជូនពរសម្តេចតេជោបន្តជាប់ឆ្នោតក្នុងការដឹកនាំជោគវាសនាប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ នៅក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ និងឯកឧត្តម វ៉ាង យី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ ពិសេសបញ្ហាវិវត្តន៍នៃសភាពការណ៍ថ្មីៗជុំវិញពិភពលោក ដែលមេដឹកនាំកម្ពុជា និងចិនបាននឹងកំពុងយកចិត្តទុកដាក់៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា