នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ និងកម្មការនីប្រមាណ១៤,៦៩៤នាក់ មកពី រោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា

ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់ បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់កូនក្មួយ កម្មករឲ្យកាន់តែល្អប្រសើរឡើង។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួប សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការនី នាពេលព្រឹកនេះ។ សម្តេចតេជោ បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកន្លងមករាជរដ្ឋាភិបាលបានចំណាយថវិការ ប្រមាណ ៤លាន ៦សែន ដុល្លារក្នុងការដោះស្រាយប្រាកខែដល់ក្មួយៗកម្មករកម្មការនីមួយចំនួន ដែលត្រូវម្ចាស់រោងចក្ររត់ចោល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីការវិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ ប្រទេសកម្ពុជាដែលបានចាប់ផ្តើមពីចំនុចសូន្យ រហូតបានប្រែក្លាយជាប្រទេសមួយមានការអភិវឌ្ឍ រីកចម្រើន។ កន្លងមកសម្តេចតេជោ តែងតែមានការផ្សារភ្ជាប់ជាមួយនឹងសកម្មភាព ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដូចជាសកម្មភាពនៅបរទេស ក្នុងការធ្វើការចរចា ស្វែងរកសន្តិភាព ការចុះជួបជាមួយបងប្អូនកងទ័ពនៅសមរភូមិ ការចុះជួបជាមួយកសិករ ការចុះជួបជាមួយ សិស្សនិស្សិត និងការចុះជួបជាមួយកម្មករកម្មករនីនេះជាដើម។ល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ប្រាក់ខែកម្មករយើងនឹងមានការតម្លើង ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយសង្ឃឹមថានៅក្នុងឆ្នាំ២០២៣ប្រាក់ខែកម្មករ នឹងឡើងដល់យ៉ាងតិច ២៥០ដុល្លារក្នុងមួយខែ។ ដូចច្នេះដើម្បីរក្សាការងារឲ្យបានស្ថិតស្ថេរ សម្តេចតេជោ សូមឲ្យកម្មករកម្មការនី យើងទាំងអស់គ្នារួមគ្នាខិតខំធ្វើការងារឲ្យបានល្អ និងរួមគ្នាថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ពីព្រោះសន្តិភាពនំាមកនូវការអភិវឌ្ឍ និងភាពរីកចម្រើន។ ទាក់ទងទៅនឹងនយោបាយ គាំពារសង្គមវិញ សម្តេចតេជោ បានមានប្រសាសន៍ថា គិតចាប់ពីដើមឆ្នាំ២០១៨មក មានកម្មការនីចំនួន ១២,៥១១នាក់ ដែលបានឆ្លងទន្លេ ក្នុងនោះសម្រាលបានកូនប្រមាណ ១២,៦០០០នាក់ដោយមានកម្មការនីខ្លះសម្រាលបានកូនភ្លោះជាមួយគ្នានោះរាជរដ្ឋាភិបាលក៏ចំណាថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា នៅថ្ងៃទី ១ឧសភាខាងមុខដែលចំថ្ងៃ ទិវាពលកម្មអន្តរជាតិ សម្តេចតេជោ នឹងអញ្ជើញទៅចូលរួមកម្សាន្តជាមួយក្មួយៗកម្មករកម្មការនីនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បីលើកទឹកចិត្ត និងសប្បាយរីករាយជាមួយក្មួយៗនៅទីនោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ៩ចំណុចដើម្បីអោយក្រសួងពាក់ពន្ធ័នានាអនុវត្តន៍អោយមានប្រសិទ្ធភាព:- ១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។ ២) ត្រូវអនុវត្ត ចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានហ្មត់ចត់។ ៣)ត្រូវអនុវត្ត ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធនានា ត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។ ៤)ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកថែមប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ៥)ត្រូវអនុវត្ត ចំពោះរបបសន្តិសុខសង្គម ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួសអោយ ១០០%។ ៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងបានកំណត់រួចរាល់ហើយ។ ៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយ ដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩ នូវគម្រោងរបបសោធននិវត្តន៍នេះ។ ៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។ ៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗអោយបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្របិទរត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ខែជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ ក្រសួងពាក់ព័ន្ឋ ត្រូវជួយរកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និង និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើក ទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៤២៥ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញពីការអាណិតស្រឡាញ់និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្ររបស់សម្តេច ចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា