នៅវិមានសន្តិភាព រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ខេនថារ៉ូ សូណូរីឡា (Kentaro Sonorila) សមាជិកសភា និងជាទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe)។

ឯកឧត្តម Kentaro Sonorila បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានសម្តេចតេជោ ទទួលស្វាគមន៍ ក្នុងឱកាសដែល កម្ពុជា-ជប៉ុន ប្រារព្ធខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយឯកឧត្តម បានបញ្ជាក់ថា នេះគឺជាឱកាសដែលប្រទេសទាំងពីរ ពង្រឹងនិងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង។ ឯកឧត្តម Kentaro Sonorila បានអញ្ជើញមកកាន់កម្ពុជានាព្រឹកមិញនេះ ហើយបានចូលរួមក្នុងសិក្ខាសាលា ស្តីពីមេគង្គ-ជប៉ុន ដែលក្នុងនោះឯកឧត្តម បានបង្ហាញនូវគំនិតថ្មីៗជាច្រើន ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង ជាពិសេសកិច្ចការជួយបណ្តាប្រទេស នៅតាមដងទន្លេមេគង្គនេះ ដែលជាគំនិត បង្កើនទំនាក់ទំនងរវាងអាស៊ាននិងជប៉ុន ហើយក៏បានសម្តែងនូវអំណរគុណផងដែរ ដោយកម្ពុជាបានគាំទ្រគោលនយោបាយ របស់ជប៉ុន ក្នុងការចូលរួម នយោបាយសន្តិភាពរបស់ជប៉ុន និងយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក ដែលបើកទូលាយនិងសេរី។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដែលជប៉ុនបានយកចិត្តទុកដាក់ នៅក្នុងសមាហរណកម្មអាស៊ាន ដែលក្នុងនោះ យន្តការមេគង្គ-ជប៉ុន គឺបានជួយដល់បណ្តាប្រទេសអាស៊ានថ្មីៗ ដើម្បីបន្តការអភិវឌ្ឍរបស់ខ្លួន កាត់បន្ថយគម្លាតរវាងប្រទេសអាស៊ានចាស់ និងបណ្តាប្រទេសអាស៊ានថ្មី ដែលរស់នៅតាមបណ្តោទន្លេមេគង្គនេះ។ សម្តេចបានមានប្រសាសន៍ថា បើមិនមានការប្រែប្រួលទេ ព្រះមហាក្សត្រកម្ពុជានឹង យាងទៅបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន នាពេលខាងមុខ ដែលព្រះរាជទស្សនកិច្ចនេះ វាជាសញ្ញាបន្ថែម បង្ហាញពីទំនាក់ទំនងល្អប្រសើរ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ សម្តេចតេជោ បានស្នើសុំឲ្យភាគីជប៉ុន ពិចារណាក្នុងការជួយដល់មជ្ឈមណ្ឌលមីនអាស៊ាននៅកម្ពុជា ដោយសារតែនេះ មិនមែនសម្រាប់តែប្រទេសនៅតំបន់អាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រទេសនៅក្រៅតំបន់ ក៏បានមកហ្វឹកហ្វឺន និងរៀនសូត្រ ពីកម្ពុជាផងដែរ ដើម្បីទៅប្រតិបត្តិការដោះមីន នៅលើពិភពលោក។ ទាក់ទងនឹងគោលនយោបាយសេរីប៉ាស៊ីហ្វិកបើកជំហរ ដែលជប៉ុនបានលើកឡើងនោះ សម្តេចបានមានប្រសាសន៍បន្ថែមថា ប្រទេសនៅក្នុងតំបន់ សុទ្ធតែមានគំនិត មាននយោបាយដូចគ្នា ដូចជា ឥណ្ឌូនេស៊ី អូស្ត្រាលី ចិន ឥណ្ឌា ក្នុងន័យនេះ សម្តេចសូមឲ្យមានការប្រមូលផ្តុំនូវគំនិតផ្តួចផ្តើមអស់ទាំងនេះ ហើយពិនិត្យមើលកន្លែងណាដែលសមស្របគ្នា ដែលយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យគោលនយោបាយនៃប្រទេសនីមួយៗកាន់តែមានប្រសិទ្ធភាព។ ប្រទេសជប៉ុន បានប្តេជ្ញាបន្តពង្រឹងនីតិរដ្ឋនៅកម្ពុជា ជួយក្នុងការតភ្ជាប់នៅក្នុងតំបន់ ដូចជាការកសាងផ្លូវដែលមានគុណភាព និងជួយដល់កំពង់ផែក្រុងព្រះសីហនុ ដើម្បីឲ្យកម្ពុជាមានការរីកចម្រើនថែមទៀត ហើយក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនង លើវិស័យការពារជាតិ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែប្រសើរឡើង។ ពាក់ព័ន្ធនឹងសំណូមពររបស់សម្តេច ដែលឲ្យជប៉ុនជួយលើមជ្ឈមណ្ឌលមីន, ភាគីជប៉ុនបានឆ្លើយតបថា ជប៉ុនកំពុងសិក្សាពីវិធី រកមធ្យោបាយដើម្បីជួយយ៉ាងណា ដល់មជ្ឈមណ្ឌលមួយនេះបានដំណើរការល្អ។ លោក Kentaro Sonorila បានកោតសរសើរ ដល់សម្តេចតេជោ ហ៊ុន សែន និងបានបង្ហាញនូវការគាំទ្រចំពោះកម្ពុជាក្នុងការអនុវត្តនីតិរដ្ឋ ថែរក្សាឯកភាពជាតិ សុខសន្តិភាព ដើម្បីជំរុញប្រទេសអោយកាន់តែរីកលូតលាស់លឿនទៅមុខ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា