នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកបុណ្យទន្លេ លើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីនេះ មានការចូលរួមពីមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករផងដែរ។ ពិធីបុណ្យទន្លេលើកទី៤នេះ

មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ហើយពីធីបុណ្យនេះ បង្កើតឡើងដើម្បីជំរុញឲ្យ មានការតភ្ជាប់មហាអនុតំបន់ទន្លេមេគង្គ និងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិក ទន្លេមេគង្គលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ក៏ផ្ដោតលើការបង្កើតផលិតផលថ្មីៗឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងបានផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សប្បារីករាយជាខ្លាំង និងអបអរសាទរចំពោះការបើកបុណ្យទន្លេលើកទី៤ ដែលបានធ្វើឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលនេះ។ មុននឹងចាប់ផ្តើមថ្លែងនូវសុន្ទរកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរដល់ស្ត្រីទាំងអស់ក្នុងឱកាសនៃទិវានារីអន្តរជាតិ ថ្ងៃ៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅក្នុងពេលថ្មីៗនេះ និងសូមជូនពរស្ត្រីទាំងអស់ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងទេចរណ៍ដែលបានសហការជាមួយបណ្តាខេត្តនានាក្នុងការរៀបចំឲ្យមានជាបុណ្យទន្លេជារៀងរាល់ឆ្នាំ។ កម្ពុជាមានខេត្តជាច្រើននៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើយទន្លេទាំងអស់នេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋយើង។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរខេត្តនីមួយៗត្រូវបន្តយកចិត្តទុកដាក់ និងថែរក្សាចំពោះទន្លេ ជាពិសេសខេត្តណាដែលមានទន្លេ ឬបឹងបួរក្នុងខេត្តនោះ គឺត្រូវតែចូលរួមថែរក្សា ការពារ ដូចជាមានករណី បាក់ច្រាំងទន្លេជាដើមត្រូវមានវិធានការទប់ស្កាត់កុំឲ្យបាក់បន្ត ដើម្បីកុំឲ្យមានការរាលដាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៥ចំនុច ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងកិច្ចការពារ និងចូលរួមអភិវឌ្ឍន៍តាមដងទន្លេ៖ ១)រួមគ្នាការពារ សន្តិភាពឲ្យខានតែបាន កុំឲ្យមានសង្គ្រាមដូចក្នុងអតីតកាល បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។ ២)ត្រូវរកប្រភពទុន ដើម្បីការពារការបាក់ច្រាំង និងត្រូវទប់ស្តាត់ការបូមខ្សាច់អាណាធិបតេយ្យផ្សេងៗ។ ៣)ចូលរួមអភិវឌ្ឍន៍តាមដងទន្លេឲ្យមានប្រសិទ្ធិភាព ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ ហើយសូមប្រជាពលរដ្ឋត្រូវតែចូលរួមជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍តាមដងទន្លេ។ ៤)ត្រូវខិតខំពង្រីក និងពង្រឹកការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើនបន្ថែមទៀត ពីព្រោះការដឹកជញ្ជូនតាមផ្លូវទឹកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវគោក ពិសេសកាត់បន្ថយការខូច ផ្លូវគោកទៀតផង។ ៥)ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង នៃមហាអនុតំបន់ទន្លេមេគង្គដើម្បីដាក់ចេញនូវយន្តការរួមគ្នាអភិវឌ្ឍន៍ប្រទេសតាមដងទន្លេមេគង្គឲ្យមានការរីកចម្រើន។ កន្លងមកកម្ពុជាតែងតែមានកិច្ចប្រជុំជាមួយប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ទន្លេមេគង្គ ដើម្បីជីវភាពប្រជាពលរដ្ឋទាំងអស់គ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះគណៈកម្មាធិការរៀបចំបុណ្យទន្លេដែលបានចូលរួមសហការគ្នាកន្លងមក ហើយ សម្តេចតេជោ បានប្រកាសថាសម្រាប់បុណ្យទន្លេ នៅឆ្នាំក្រោយ នឹងត្រូវធ្វើឡើងនៅខេត្តកំពង់ឆ្នាំង។ សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមឲ្យខេត្តផ្សេងៗទៀត ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តនីមួយៗ ដើម្បីត្រៀមខ្លួនទទួលរៀបចំបុណ្យទន្លេនាឆ្នាំបន្តបន្ទាប់ទៀត។ មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ និងអ្នកដែលបានចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៤នេះទាំងអស់ ជួបប្រទះនឹងសេចក្តីសុខចម្រើគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទស្សនាការអុចកាំជ្រួច អបអរសាទរបុណ្យទន្លេលើកទី៤ និងទស្សនាការសម្តែងសិល្បៈកម្សាន្តផ្សេងៗ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា