ខ្វះតែ១ថ្ងៃទៀតដាច់ខែមករា ហើយចូលឆ្នាំចិនក៏នឹងមកដល់ក្នុងពេលឆាប់ៗ បន្ទាប់ពីចូលឆ្នាំសកលកន្លងទៅនេះ។ ពិតណាស់ កម្ពុជាយើងចូលឆ្នាំ៣ដងក្នុង១ឆ្នាំ ទាំងសកល, ឆ្នាំចិន និងឆ្នាំខ្មែរ។ ពីមុនយើងមិនសូវឃើញមានបងប្អូនសែនចិនច្រើនទេ ប៉ុន្តែសព្វថ្ងៃនេះគឺមានកាន់តែច្រើនឡើងៗ។

ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញក្នុងការជ្រើសរើសជំនឿសាសនា ក៏ដូចជាការអបអរប្រារព្វបុណ្យទានទៅតាមប្រពៃណីទំនៀមទម្លាប់ពីដូនតាដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។ ខ្ញុំសូមជូនរូបថតអនុស្សាវរីយ៍មួយសន្លឹកថតក្នុងទសវត្សឆ្នាំ ១៩៩១ ដែលពេលនោះខ្ញុំនិងភរិយាបានទៅទស្សនកិច្ចនៅមហាកំពែងប្រទេសចិន ក្នុងពេលដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (Supreme National Council-SNC) មុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១។ សន្តិភាពដែលយើងបានខិតខំរកបានដោយលំបាកបំផុត គឺយើងត្រូវរួមគ្នាថែរក្សាអោយបានគង់វង្សទាំងអស់គ្នា។ ការចូលរួមចំណែករបស់ជនរួមជាតិ គឺបានធ្វើអោយប្រទេសជាតិយើងមានមានសេចក្តីសុខ និងកាន់តែរីកចម្រើនមកទល់សព្វថ្ងៃ។ សូមជូនពរជនរួមជាតិមានសុខសុភមង្គលក្នុងក្រុមគ្រួសារ សំណាងល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសកុំបីខាន៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា