នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូធ្វើដំណើរចាកចេញពីទីក្រុង New Delhi ប្រទេសប្រទេសឥណ្ឌា តាមយន្តហោះពិសេសរបស់កម្ពុជាឆ្ពោះទៅកាន់មាតុប្រទេសយើងវិញ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន ឥណ្ឌា ឆ្នាំ២០១៨ និងចូលរួមខួបលើកទី ៦៩

នៃថ្ងៃសាធារណរដ្ឋ និងបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃកន្លងមកនេះ។ ប្រទេសឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដែលមានប្រជាពលរដ្ឋជាង ១៣០០ លាននាក់ ដែលមានការរីកចម្រើនខ្លាំង ជាពិសេសខាងបច្ចេកវិទ្យាដែលជាតម្រូវការដ៏សំខាន់របស់ប្រទេសយើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបីឥណ្ឌាជាប្រទេសធំដែលមានប្រជាពលរដ្ឋច្រើន តែឥណ្ឌាបានគោរពនិងចាត់ទុកកម្ពុជាជាមិត្តចាស់ដ៏ល្អ។ នៅក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា ខ្ញុំបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលឥណ្ឌារួមមានឯកឧត្ដមនាយករដ្ឋមន្ត្រី Narendra Modi, ឯកឧត្ដមប្រធានាធិបតី Ram Nath Kovind, និងឯកឧត្ដម អនុប្រធានាធិបតី Venkaiah Naidu ដែលបានរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា អោយកាន់តែប្រសើរឡើងថែមទៀត។ នៅក្នុងនោះយើងក៏បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៤ផងដែរដូចជា ១) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស ២)សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ ៣)កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទី៤) កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។ យន្តហោះនឹងចាកចេញពីឥណ្ឌានៅម៉ោងប្រមាណ ៨:៣០ព្រឹក។ ពីទីក្រុង New Delhi ហោះទៅកាន់ទីក្រុងភ្នំពេញគឺត្រូវចំណាយពេលជាង៤ម៉ោង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្ដីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា