នៅក្នុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី ២៧ មករានេះ នៅទីក្រុងញ៉ូវដែល្លី បន្ទាប់ពីបានអញ្ជើញជួប លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌារួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារបន្តជាមួយ

លោក Ram Nath Kovind ប្រធានាធិបតី និង លោក Venkaiah Naidu អនុប្រធានាធិបតីឥណ្ឌា។ នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខចំពោះការនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការះ ផ្ញើជូនចំពោះលោកប្រធានាធិបតី និង លោកអនុប្រធានាធិបតីឥណ្ឌា ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងតែសព្វព្រះរាជហឬទ័យចំពោះថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌាជាទីគោរពស្រឡាញ់រាប់អានដ៏ស្មោះដែលតែងតែមានជាមួយនឹងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនលោកប្រធានាធិបតី និងលោកអនុប្រធានាធិបតីអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំនៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន -ឥណ្ឌា ពិសេសលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់មកកាន់ទីក្រុងញ៉ូវដែល្លី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារព្រមព្រៀងសំខាន់ៗមួយចំនួនដើម្បីការពង្រឹងនិងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងផ្នែកច្បាប់បទដ្ឋានកិត្តិយុត្តិមួយចំនួន ដែលមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។ នៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញលោកប្រធានាធិបតី និងលោកអនុប្រធានាធិបតីឥណ្ឌា ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាផងដែរដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា