ធាតុអាកាសពីម្សិលនិងព្រឹកនេះ គឺចុះអ័ព្វដែលមានសីតុណ្ហភាព ២១អង្សា C។ ខ្ញុំសុខសប្បាយជាធម្មតាទេ។ នៅថ្ងៃត្រង់នេះ ខ្ញុំនឹងចូលរួមពិធីលៀងសាយភោជន៍ជាមួយប្រមុខដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ដែលរៀបចំទទួលដោយ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind ។

តាមពិត ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្នាជាច្រើនពាន់ឆ្នាំមកហើយ ក្នុងនោះមានទាំងទំនាក់ទំនងជំនួញជួញដូរ សិល្បៈ វប្បធម៍ អក្សរសាស្រ្ត និងជំនឿសាសនាជា ដើម។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨១ ក្រោយពីយើងរំដោះប្រទេសបានពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់រដ្ឋាភិបាលកម្ពុជាមុនគេនៅពេលនោះ។ សព្វថ្ងៃនេះ ឥណ្ឌាកំពុងមានការរីកចម្រើនជាច្រើនវិស័យ ជាពិសេស លើផ្នែកបច្ចេកវិទ្យា ដែលកម្ពុជាអាចសិក្សារៀនសូត្របានពីប្រទេសជាមិត្ត ដើម្បីជំរុញកម្ពុជាអោយក្លាយទៅជារដ្ឋាភិបាលអេឡិចត្រូនិច (e-government) និងប្រជាពលរដ្ឋអេឡិចត្រូនិច (e-people) ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែឆាប់រីកចម្រើនជឿនលឿននៅក្នុងសម័យកាលឌីជីថលនេះ ដែលជាតម្រូវការចាំបាច់របស់ពិភពលោកសព្វថ្ងៃ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា!

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា