នៅល្ងាចថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅ ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាឥណ្ឌា (Ministry of Electronics and Information Technology - MeitY) ដែលមានលោក រ៉ាវី សាំងការ ប្រាសាដ (Ravi Shankar Prasad) រដ្ឋមន្រ្តី និងមន្រ្តីក្រសួងជាច្រើនរូបទៀតទទួលស្វាគមន៍ សម្តេចតេជោ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី រ៉ាវី សាំងការ ប្រាសាដ បានជម្រាប សម្តេចតេជោ អំពីបច្ចេកវិទ្យា ដែលឥណ្ឌាកំពុងប្រើប្រាស់សព្វថ្ងៃក្នុងនោះដូចជា ការគ្រប់គ្រងប្រព័ន្ឋសុខាភិបាលដោយប្រើប្រាស់ ប្រព័ន្ឋ កំព្យូទ័រក្នុងការគ្រប់គ្រងទិន្ន័យអ្នកជំងឺ (e-Health), គ្រប់គ្រងអត្តសញ្ញាណ រួមទាំងការបញ្ជូនឯកសារ ទិន្នន័យដោយមិនចាំបាច់នាំឯកសារទាំងមូល, (e-Sign), គ្រប់គ្រងបុគ្គលិក និងរដ្ឋបាលទូទៅ(e-Office), គ្រប់គ្រងនិងឆ្លើយតបតម្រូវការពេលមានគ្រោះអាសន្ន (NERS), និងជួយកសិករក្នុងការជ្រើសរើសប្រភេទជីសម្រាប់ដីស្រែចំការអោយត្រូវដើម្បីបានទិន្នផលខ្ពស់ ព្រមទាំងប្រព័ន្ឋឌីជីថលក្នុងការជួយរកទីផ្សារសម្រាប់កសិករលក់ផលិតផលផងដែរ។ ទន្ទឹមនឹងនោះក៏មាន e-Education ដែលជួយសម្រួលដល់ការសិក្សារបស់សិស្សនិស្សិតនៅក្នុងប្រទេសអោយកាន់តែងាយស្រួលក្នុងការសិក្សា។ កិច្ចការខាងលើនេះ គឺបានធ្វើអោយរដ្ឋាភិបាលឥណ្ឌាចំណេញថវិកាប្រមាណ ៦ ប៊ីលៀនដុល្លារផងដែរ។ នៅឥណ្ឌាសព្វថ្ងៃ សូម្បីការបោះឆ្នោត ក៏ប្រើប្រព័ន្ឋដីជីថលគូសសន្លឹកឆ្នោត ដោយមិនចំណាយទៅលើក្រដាសទៀតឡើយ។ លោករដ្ឋមន្រ្តីរីករាយនឹងសហការជាមួយក្រសួងទាំងឡាយរបស់កម្ពុជា ដើម្បីជំរុញបច្ចេកវិទ្យាដើរអោយទាន់សភាពការចាំបាច់ និងតម្រូវការរបស់ពិភពលោកសព្វថ្ងៃ ក្នុងនោះមានក្រសួងអប់រំ ក្រសួងពាណិជ្ជកម្ម និង ក្រសួងសុខាភិបាលគឺមានការចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាឌីជីថលទាំងនេះ។ សម្តេចតេជោ ហ៊ុន សែន មានការពេញចិត្តចំពោះការរីកចម្រើនបច្ចេកវិទ្យារបស់ឥណ្ឌា ក្នុងនោះគឺបច្ចេកវិទ្យាជួយទៅលើកសិករក្នុងការជ្រើសរើសដី និងជីរ និងវិធីជួយរកទីផ្សារសម្រាប់កសិករ។ សម្តេចតេជោ បានណែនាំអោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ពិភាក្សាជាមួយក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាឥណ្ឌា ដើម្បីសហការគ្នារៀបចំប្រព័ន្ឋគ្រប់គ្រងទិន្នន័យតាមបែបឌីជីថល ដើម្បីសម្រួលការងារអោយបានលឿនដែលនឹងជួយកាត់បន្ថយអំពើពុករលួយបានមួយកម្រិតធំទៀតផង៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា