នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញទស្សនាពិព័រណ៍យោធា និងកីឡាកងទ័ពរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០៨នាក់

ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ យើងដឹងហើយថា ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ជាតិយើងដែរ ដែលយើងត្រូវនាំគ្នាថែរក្សាកុំអោយបាត់បង់។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសបើកជាផ្លូវការនូវ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)។ មូលនិធិនេះ គឺចាប់ផ្តើមពីថវិកាសប្បុរស ៥០០ លានរៀល ដែលបានទទួលពីសប្បុរសជននានា និងពាណិជ្ជករនៅក្នុងប្រទេស។ បងប្អូនអ្នកធាក់ស៊ីក្លូ គឺអាចដាក់ពាក្យសុំចូលជាសមាជិកសមាគបាន ដោយមិនតម្រូវអោយបង់ប្រាក់សមាជិកឡើយ។ សមាជិកទាំងអស់នឹងទទួលបាននូវផលប្រយោជន៍មួយចំនួនដូចជាៈ ១)ប្រាក់ជួលស៊ីក្លូប្រចាំថ្ងៃ ២,០០០៛ ២) ប្រាក់អាហារ ៥,000៛ ៣) សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដែលផ្តល់ដោយមូលនិធិសមធម៍។ ក្រៅពីផលប្រយោជន៍ខាងលើ គឺសមាគមនឹងពិចារណាក្នុងការផ្តល់ការឧបត្តម្ភបន្ថែមជូនបងប្អូនអ្នកធាក់ស៊ីក្លូ ដូចជាក្នុងរដូវបុណ្យទាន (ចូលឆ្នាំ និងភ្ជុំបិណ្ឌ មរណៈភាព…ជាដើម)។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើតាំងជា ប្រធានកិត្តិយសរបស់ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)”។ នៅថ្ងៃនេះបងប្អូនសមាជិកអ្នកធាក់ស៊ីក្លូទាំង៣០៨នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៥៧ម៉ឺនរៀល (៥០០,០០០៛ ជាអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និង ៧០,០០០៛ ប្រាក់ពីមូលនិធិ) ព្រមទាំង ភួយ, អាវរងារ, កន្សែង,ក្រមា អាវភ្លៀង មុង និងអង្រឹងជ្រលក់ថ្នាំការពារមូស។ មូលនិធិទាំងនេះ គឺដាក់នៅក្នុងកាត Wing ដែលបងប្អូនងាយស្រួលអាចបើកនៅ Wing នៅគ្រប់ទីកន្លែង។ នេះគឺជាយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងទ្វេ ដើម្បីអោយជីវិត និងជីវភាពរស់នៅរបស់លោកតា អុំ ពូ និងបងប្អូនអ្នកធាក់ស៊ីក្លូទូទាំងប្រទេសកាន់តែប្រសើរឡើង។ សូមបងប្អូនអ្នកធាក់ស៊ីក្លូ គោរពច្បាប់ចរាចរណ៍ កុំប្រើប្រាស់គ្រឿងស្រវឹងដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ សូមក្រុមហ៊ុនទេសចរណ៍ជួយទាក់ទាញទេសចរបរទេសអោយចូលរួមប្រើប្រាស់ស៊ីក្លូ។ យើងចូលរួមជិះស៊ីក្លូដើម្បីជួយលើកស្ទួយជីវភាពបងប្អូនស៊ីក្លូ។ ស៊ីក្លូ គឺកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុង។ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សប្បុរជនទាំងអស់ដែលបានឧបត្ថម្ភដល់មូលនិធិស៊ីក្លូថ្ងៃនេះ និងបន្តឧបត្ថម្ភប្រចាំឆ្នាំ។ នៅថ្ងៃនេះ មូលនិធិសរុបដែលទទួលបានជាបថមគឺមាន ប្រាក់វិភាគទានសម្តេចតេជោ និងសម្តេចកិត្តិ ២៤០,០០0ដុល្លារ និងប្រាក់សប្បុរជនជាង ២០០,០០០ ដុល្លារថែមទៀត៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា