ប្រទេសកម្ពុជា នឹងធ្វើជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃស្អែក ទី១០-១១ ខែមករា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំកំពូលនេះ នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា ។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។ កិច្ចប្រជុំកំពូលនេះ ក៏នឹងផ្តល់សារៈសំខាន់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឱ្យប្រសើរឡើងសុខមាលភាពប្រជាជន ការបង្រួញគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់ អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនេះ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង នឹងអញ្ជើញបំពេញទស្សនៈកិច្ចបន្តនៅកម្ពុជាផងដែរ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា