នៅវិមានសន្តិភាព រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម គីម វ៉ុនជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតផុតអាណត្តិ របស់សាធារណរដ្ឋកូរ៉េ។ ឯកឧត្តម Kim Weon-jin

បានជម្រាបសម្តេចតេជោ ថាបេសកកម្មរបស់ឯកឧត្តមរយៈពេល៣ឆ្នាំកន្លងមកនេះ គឺឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងគោលដៅជម្រុញទំនាក់ទំនង កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្តថា នេះគឺជាខួប២០ឆ្នាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ហើយទំនាក់ទំនងនេះទៀតសោតបើគ្មានសម្តេចតេជោនាយករដ្ឋមន្ត្រីទេ ទំនាក់ទំនងនេះ ក៏មិនអាចមានមកដល់ចំណុចនេះដែរ។ ឯកឧត្តម បានគោរពនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោដែលបានអភិវឌ្ឍន៍កម្ពុជាមានរការរីកចម្រើនមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម Kim Weon-jin បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនៈភាពការងារពាក់ព័ន្ធនឹងផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ២១ ហើយនឹងការនាំផ្លែស្វាយកម្ពុជាចេញទៅសាធារណរដ្ឋកូរ៉េ។ នៅឆ្នាំ២០១៨ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុងទីផ្សារកូរ៉េហើយ, ហើយកូរ៉េនឹងបន្តជំរុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគក្នុងការធ្វើការកែឆ្នៃលិតផលកសិកម្មផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងអាចប្រកាសបានថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាទំនាក់ទំនងដ៏ជោគជ័យដ៏ធំបំផុតមួយដែលបានវិវត្តន៍យ៉ាងឆាប់រហ័ស។ ជាអាទិ៍គឺយើងអាចឃើញតាមរយៈការហោះហើរជាច្រើនជើងពីកម្ពុជាទៅកូរ៉េ និងពីកូរ៉េមកកម្ពុជា ហើយតាមរយៈទំនាក់ទំនងការងារ, ទំនាក់ទំនងប្រជាជននិងប្រជាជន ហើយជាមួយនឹងជំនួយ ដែលកូរ៉េបានជួយដល់កម្ពុជារហូតមកដល់ពេលនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការរីករាយអបអរសាទរចំពោះការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ទីផ្សាររបស់សាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយនេះ។ សម្តេចក៏បានសម្តែងនូវការរីករាយ ចំពោះវឌ្ឍនៈភាពការងារដែលឯកឧត្តម Kim Weon-jin បានរាយការណ៍ជូនសម្តេច។ មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម Kim Weon-jin ទទួលបាន ជោគជ័យនៅក្នុងការងារថ្មីៗជាបន្តទៀតនៅពេលខាងមុខ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា