នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនីជាង១៨,០៩១នាក់ នៅតំបន់រោងចក្រ7NG ស្ថិតនៅក្នុងខេត្តកណ្តាល។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំសំណេះសំណាល សួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលនេះដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងដើម្បីជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើរសុំថៅកែរោងចក្រអនុញ្ញាតិអោយកម្មករកម្មការនីទាំងអស់ទទួលបានការឈប់សំរាកមួយថ្ងៃក្រោយពីចប់កម្មវិធីសំណេះសំណាលនេះរួច។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការវិវត្តន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្តេចតេជោ បានបញ្ជាក់ថាទំរាំយើងបានមកដល់ពេលនេះគឺយើងបានឆ្លងកាត់ភាពលំបាកលំបិនជាច្រើន ជាពិសេសសង្គ្រាមរាំរៃជាច្រើនដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។ នៅក្នងតំបន់វិហារសួរនេះស្រាប់ គឺជាតំបន់សមរភូមិក្តៅដែលមិនមានការអភិវឌ្ឍទេ ប៉ុន្តែបច្ចុប្បន្ននេះកន្លែងនេះបានក្លាយទៅជា តំបន់មានការរីកចម្រើន ដែលមានរោងចក្រជាច្រើនសម្រាប់ផ្តល់ការងារដល់ក្មួយៗនៅទីនេះ។ ក្នុងការប្រែក្លាយអតីតសមរភូមិអោយទៅជាកន្លែងមានការអភិវឌ្ឍរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់នេះមានដូចជា ការកសាងស្ពានព្រែកតាមាក់ ការស្ថាបនាផ្លូវជាតិលេខ៨ និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗទៀតដើម្បីទាក់ទាញវិនិយោគទុន។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលនយោបាយកម្ពុជាបាន កំពុងជំរុញវិស្ស័យឧស្សាហកម្មនេះអោយមានការរីកចម្រើន ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រាជរដ្ឋាភិបាលកំពុងជំរុញឲ្យមានការបង្កើតរោងចក្រ សហគ្រាស នៅតាមជាយក្រុង និងតាមបណ្តា ខេត្តនានា។ការបង្កើតអោយមានរោងចក្រច្រើនបែបនេះគឺដើម្បីផ្តល់ការងារអោយក្មួយៗតាមបណ្តាខេត្តមានឱកាសការងារហើយការធ្វើបែបនេះមិនខុសអីពីការបង្ខិតសាលារៀនអោយនៅជិតផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ដោយបច្ចុប្បន្ននេះសាលារៀនមានគ្រប់ទីកន្លែងយ៉ាងហោចណាស់ ១ឃុំមានវិទ្យល័យ១ ដែលវាពិតជាផ្តល់ភាពងាយស្រួលដល់កូនក្មួយក្នុងការសិក្សារៀនសូត្រ។ ការង្កើតរោងចក្រនៅតាមបណ្តាផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ ៨ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១ និងបណ្តាផ្លូវជាតិផ្សេងៗទៀតវាមិនជារឿងចៃដន្យនោះទេ តែវាជាការចាំបាច់បំផុតដែលរាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញវិនិយោគទុនក្រៅប្រទេស និងជាការផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ចំណូលល្អ: ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបាន ល្អ។ទី២)រួមគ្នារក្សាការងារនិងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំកើន ទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង(សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ(២០១៨)ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។ ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…)គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្រ របស់ខ្លួនដើម្បីជួយដល់កម្មករ។គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំងអស់ត្រូវបានអនុញ្ញាតិអោយចេញមុនម៉ោង១៥នាទី ចំពោះបណ្តារោងចក្រណាអនុញ្ញាតិអោយកម្មករចេញមុនម៉ោងលើលពីការកំណត់រឹតតែប្រសើរ ហើយសម្តេចតេជោនឹងបំពាក់មេដៃជូន។ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូន កម្មការនី អំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ធឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។កម្មករកម្មការនីទូទាំងប្រទេស នឹងទទួល បានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ចំពោះកីឡាករកីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន៨០%នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។ ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ដូចខាងលើនេះផងដែរ។ទី៥)រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេសដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ធនឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី ជិយោជកទាំងអស់ ដែលបានចូលរួមក្នុងថ្ងៃនេះព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះចំនួន ៧៦៨ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីអាណិតស្រឡាញ់និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

'

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា