នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ួលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នេះ

មេដឹកនាំប្រទេសទាំងពីរកម្ពុជា ឡាវ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជា ឡាវ ដែលបញ្ហានេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី លើកឡើងថាជាបញ្ហាដែលយើងកំពុងតែធ្វើការតាមដាននិងត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយមិនមានបញ្ហាកើតឡើង ពិសេសតាមរយៈការប្រជុំពិភាក្សាពីថ្នាក់ដឹកនាំគ្រប់ផ្នែក ពីសំណាក់ប្រទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចពិតជាមានការរីករាយចំពោះសភាពការណ៍នៅតាមតំបន់ព្រំដែនដែលមិនមានភាពតានតឹង ហើយសម្តេចតេជោ សូមសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្រ្តីការបរទេស និងគណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ បានធ្វើការជួបប្រជុំដើម្បីដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង សំដៅធ្វើយ៉ាងណាកាត់បន្ថយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះដែរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការទទួលយកតាមសំណើររបស់ប្រធានាធិបតីបារាំង និងបានធ្វើការចុះហត្ថលេខាដើម្បីស្នើដល់ភាគីបារាំង បញ្ជួនអ្នកឯកទេសបារាំង ដើម្បីចូលមកធ្វើការជាមួយភាគីកម្ពុជា និងភាគីឡាវព្រមទាំងអនុញ្ញាតឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ទទួលស្វាគមន៍អ្នកឯកទេសព្រំដែនបារាំង ដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់។ នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការបោះបង្គោលចំនួន១៤៥បង្គោល ដើម្បីបោះបន្ថែមនៅតាមទីកន្លែងណាដែលមានភាពសាំញាំឲ្យបានញឹក ហើយដែលការស្នើឡើងនោះ ត្រូវបានឯកភាពពីឯកឧត្តមនាយករដ្ឋមន្រ្តីឡាវផងដែរ។ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការបង្កើនអាហារូបករណ៍សម្រាប់និស្សិត នៃប្រទេសទាំងពីរ សំដៅធ្ចើយ៉ាងណាជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត និងក៏បានពិភាក្សាលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ យ៉ាងយកចិត្តទុកដាក់ផងដែរ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា