នៅព្រឹកថ្ងៃទី១១វិច្ឆិកា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងមេដឹកនាំអាស៊ាន ជាមួយនិងមេដឹកនាំ APEC ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រាន់ ដាយក្វាន ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧។

ឯកឧត្តម ត្រាន់ ដាយក្វាន់ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម ទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងមេដឹកនាំអាស៊ាន ជាមួយនិងមេដឹកនាំ APEC ឆ្នាំ២០១៧ នៅទីក្រុងមាត់សមុទ្រលំហែកាយដាណាំង។ ឯកឧត្តមប្រធានរដ្ឋមានប្រសាសន៍បន្តថា កាលពីរសៀលម្សិលមិញ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនូវសុន្ទរកថាប្រកបដោយអត្ថន័យ ដ៏ជ្រាលជ្រៅបំផុត ក្នុងការខិតខំរកដំណោះស្រាយ និងផលប្រយោជន៍សម្រាប់តំបន់ទាំងមូល ពិសេសការតភ្ជាប់គ្នារវាងបណ្តាប្រទេសអាស៊ាន និងប្រទេស APEC។ ឯកឧត្តម ក៏បានចាត់ទុកវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចសន្ទនាក្រៅផ្លូវការ រវាងមេដឹកនាំអាស៊ាន ជាមួយនិងមេដឹកនាំ APEC ទទួលបានជោគជ័យខ្លាំងណាស់ សម្រាប់កិច្ចប្រជុំកំពូល APEC នៅទីក្រុងដាណាំងដែលបានបញ្ចប់ទៅប្រកបដោយផ្លែផ្កានេះ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះដ៏ត្រចះត្រចង់បំផុត ហើយដែលជ័យជំនះនោះ បានជំរុញឲ្យកម្ពុជាមានស្ថេរភាពនយោយបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់បំផុត។ ក្នុងកិច្ចសន្ទនាគ្នានោះដែរ ឯកឧត្តមប្រធានរដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំងពីរកម្ពុជា វៀតណាម ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះខួប៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាមរយៈនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានស្នើរួមគ្នាក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្រប់ផ្នែកទាំងអស់ ពិសេសរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា