នៅម៉ោងប្រមាណ ៤:១៥នាទី រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងមកដល់វេទិកាកិត្តិយហើយដើម្បីទតការប្រណាំងទូកងថ្ងៃចុងក្រោយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ។

វត្តមានយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះគឺមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ ព្រះរាជពិធីបុណ្យអុំទូកគឺមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។ សូមបងប្អូនរង់ចាំទស្សនានូវលទ្ធផលប្រណាំងទូកងដែលនឹងប្រកាសនៅពេលបន្តិចទៀតនេះ។ ជ័យលាភីចំណាត់ថ្នាក់លេខ១ នឹងត្រូវទទួលព្រះរាជទានរង្វាន់ផ្ទាល់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នៅរាត្រីនេះ ក៏នឹងមានពិធីបណ្តែតប្រទីប និងបាញ់កាំជ្រួចផងដែរ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា