ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឬក្សមង្គលថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះរាជពីធីឡើងគ្រងព្រះបរមរាជសម្បត្តិគម្រប់ ១៣ព្រះវស្សា (២៩-តុលា-២០០៤ ~ ២៩-តុលា-២០១៧)របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ទួលបង្គំខ្ញុំព្រះករុណា រួមនឹងប្រជាពលរដ្ឋទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំឱនកាយអភិវន្ទនកិច្ចក្រាបបង្គំសម្តែងថ្វាយ នូវអំណរសាទររីករាយឥតឧបមា ព្រមទាំងសូមថ្វាយព្រះសព្ទសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត។ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គគឺបានជាឧត្តមប្រយោជន៍ជាតិជាច្រើន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ បានគ្រងព្រះបរមសិរីរាជសម្បត្តិប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ឈ្លាសវៃ និងព្រះរាជទសពិធរាជធម៌ ប្រទេសជាតិមានសេចក្តីសុខ សន្តិភាព អធិបតេយ្យ សាមគ្គីភាព ឯកភាពជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា កិត្យានុភាពជាតិបានល្បីល្បាញនៅលើសកលលោក ប្រជារាស្រ្តរួមរស់ជាមហាគ្រួសារខ្មែរក្នុងជីវភាពរីកចម្រើនសម្បូណ៍សប្បាយឥតឈប់ឈរ។ ទួលបង្គំ ខ្ញុំព្រះករុណា រួមនឹងប្រជាពលរដ្ឋទូទាំងប្រទេស សូមលំឱនកាយលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធដ៏មានបារមី នៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ និងសូមព្រះអង្គទ្រង់បានប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជារាស្រ្តព្រះអង្គយូរអង្វែងតទៅ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា