នៅព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ លោក ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញប្រគល់ពានរង្វាន់ សម្តេចតេជោ ដល់ជ័យលាភី “ខ្ញុំជាយុវជនគំរូកម្ពុជា” ចំនួន ១០រូប នៅវិមានសន្តិភាព ដែលមានក្រុមគ្រួសារ អាណាព្យាបាល តំណាងក្រុមសមាគមយុវជន និស្សិត

ក្រុមយុវជនកាកបាទក្រហម និងយុវជនកាយរិទ្ឋ ចូលរួមប្រមាណជាង ២០០នាក់ នៅក្នុងនោះក៏មានវត្តមាន លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងលោក ហាយ ហ៊ុនឡេង អនុប្រធាន ទីភ្នាក់ងារជាតិមុខរបរនិងការងារផងដែរ ។ ជ័យលាភីលេខ(១) គឺបានទៅលើយុវជន ហ៊ុន តូហូរ ដែលបានទទួលសម្លេងបោះឆ្នោតបាន ៨,៤៨៩ សម្លេង លើផ្នែកគំនូរសខ្មៅ (មានម្តាយទើបមានកូនថ្ងៃនេះ) ដែលទទួលបានម៉ូតូវីវ៉ា១គ្រឿង មួក ខោអាវកីឡា ថវិកាមួយចំនួន និងប័ណ្ណសរសើរពី សម្តេចតេជោនាយករដ្ឋមន្រ្តី ។ លេខ(២)គឺបានទៅលើយុវតី សោម សៅឡែន ដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រ ៧,៥៤១ (កំណាព្យ “បណ្តាំវាចារមាស”,) ដែលទទួលបាន iPad មួយគ្រឿង មួក អាវកីឡា និងថវិកាមួយចំនួន និងប័ណ្ណសរសើរពី សម្តេចតេជោនាយករដ្ឋមន្រ្តី។ លេខ(៣) គឺបានទៅលើយុវជន ឡែន សំអឿន ដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រ ៥,៣១៨ (ចំរៀង“មេមត់ស្រុកខ្ញុំ) ដែលទទួលបាន iPhone មួយគ្រឿង មួក អាវកីឡា និងថវិកាមួយចំនួន និងប័ណ្ណសរសើរពី សម្តេចតេជោនាយករដ្ឋមន្រ្តី។ រីឯចាប់ពីលេខ ៤ដល់លេខ១០ គឺទទួលបានមួក អាវកីឡា និងថវិកាមួយចំនួន និងប័ណ្ណសរសើរពី សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។ ដោយសារសន្តិភាព ទើបយុវជន យុវតីមានឱកាសក្នុងការចូលរួមកសាងសង្គម តាមរយៈការកសាងអំពើល្អ និងការចូលរួមចែករំលែកនៅគ្រប់ទីកន្លែង។ យុវជនទាំងអស់ រីករាយ និងមានកិត្តិយសខ្លាំងណាស់ដែលមានឱកាសបានមកទទួលពានរង្វាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានធ្វើទស្សនៈកិច្ចសិក្សា ព្រមទាំងបានថតរូបអនុស្សាវរីយ៍នៅវិមានរដ្ឋាភិបាលប្រកបដោយក្តីរំភើបរីករាយបំផុត។ ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត លោកតែងតែគាំទ្រ ឧបត្ថម្ភ លើកទឹកចិត្ត និងផ្តល់ឱកាសគ្រប់យ៉ាងដល់យុវជនកម្ពុជា ក្នុងការកសាងអំពើល្អ និងចេះចូលរួមចែករំលែកក្តីស្រឡាញ់ ទេព្យកោសល្យ ទ្រព្យធន និងស្នាដៃគំរូល្អៗដល់ពលរដ្ឋ និងយុវជនដ៏ទៃៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងអោយកាន់តែរីកចម្រើនប្រសើឡង។ យុវជនជ័យលាភីទាំង១០រូបក៏មានបំណងជួបសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបានថ្លែងអំណរគុណដោយផ្ទាល់ និងបានថតរូបជាមួយ សម្តេចនៅក្នុងកម្មវិធីជួបជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីនៅថ្ងៃស្អែកនេះនៅសាលមហោស្របកោះពេជ្រផងដែរ៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា