នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ ក្នុងនោះក៏មាននិស្សិតទទួលបានអាហារូបករណ៍របស់ សម្តេចតេជោ និងសមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន១២២ នាក់ ដែលមាននារី ៤៩នាក់ផងដែរ។

ពិធីប្រគល់សញ្ញាបត្រនេះគឺធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងឆ្នាំសិក្សា ២០១២ - ២០១៦។ សម្តេចតេជោសប្បាយរីករាយខ្លាំងណាស់ដែលបានអញ្ជើញជាកិត្តិយសមកប្រគល់សញ្ញាបត្រដល់និស្សិតនៅថ្ងៃនេះ ហើយសម្តេចតេជោក៏បានអបអរសាទរនិងកោតសរសើរដល់ជ័យឡាភីទាំងអស់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថាការរីកចម្រើននៃសាកលវិទ្យាល័យគឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្ស។ សម្តេចតេជោ បានអរគុណដល់សាស្រ្តាចារ្យ និងគណគ្រប់គ្រងសាកលវិទ្យាល័យដែលបានខិតខំបង្កើតគ្រឹះស្ថាននេះឡើងព្រោះលំបាកខ្លាំងណាស់ទៅហើយ ទន្ទឹមនឹងនេះគឺត្រូវថែរក្សាអ្វីដែលយើងយើងបានបង្កើតមកនេះអោយមាននិរន្តភាព ហើយត្រូវធ្វើទំនើបកម្មទៅមុខថែមទៀត។ សម្តេចតេជោ ក៏បានអបអរសាទរចំពោះការបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅជប៉ុន គឺល្អខ្លាំងណាស់ដែលស្របតាមសំណើសុំរបស់សម្តេច ក្នុងពេលដែលបានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនកាលពីពេលកន្លងទៅនេះ។ គឺពេលនោះជប៉ុនកំពុងខ្វះពលកម្មថែទាំមនុស្សចាស់នៅតាមន្ទីរពេទ្យ។ កម្មវិធីនេះគឺបានផ្តល់ទាំងចំណេះដឹង បទពិសោធន៍ និងប្រាក់ចំណូលល្អដល់និស្សិតកម្មសិក្សា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកផងដែរថា យើងបានរួមគ្នាពីស្ថានភាពលំបាកលំបិន រហូតមកដល់ពេលនេះ គឺចាប់ពីប្រទេសយើងមានប្រជាជនប្រមាណ ៥លាននាក់រហូតដល់១៥ លាននាក់ ដែលយើងមានឱកាសបានកសាងប្រទេសជាតិពេញដៃពេញជើង។ គឺមិនងាយស្រួលទេ គ្មានជោគជ័យណាមួយដែលកើតឡើងដោយគ្មានការចូលរួមនោះទេ ជាពិសេសកាចូលរួមពីវិស័យឯកជន។ ចំពោះការពឹងផ្អែកលើគ្រឹះស្ថានសិក្សារបស់រដ្ឋទាំងស្រុងគឺមិនគ្រប់គ្រាន់ទេ។ ជាមួយគ្នានេះដែរ គឺក្រសួងអប់រំក៏បានផ្តល់ឱកាសអោយសិស្សដែលប្រឡងមិនជាប់បាក់ឌុប ក៏អាចមានលទ្ឋភាពទទួលបានការបណ្តុះបណ្តាលជំនាញ រួមទាំងកម្រិតបរិញ្ញាបត្ររងផងដែរ។ សម្តេចតេជោ បានកោតសរសើរដល់ក្រសួងអប់រំ និងក្របខណ្ឌអប់រំទូទាំងប្រទេសដែលបានចូលរួមរៀបចំការប្រឡងទុតិយភូមិទូទាំងប្រទេសប្រកបដោយជោគជ័យ។ សម្តេចតេជោបានបញ្ជាក់អំពីអត្រាកូនសិស្សជាង ៦៣%បានប្រឡងជាប់។ នេះជាជោគជ័យនៃកំណែទម្រង់អប់រំដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់។ នៅថ្ងៃទី ១៤ តុលា ខាងមុខនេះ សម្តេចតេជោនឹងជួបក្មួយៗសិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុប និទ្ទេស (A) ដែលសម្តេចនឹងផ្តល់រង្វាន់លើកទឹកចិត្តគឺមាន iPad មួយគ្រឿង និងកាដូរមួយចំនួន។ នេះជាការខិតខំរបស់ក្រសួងនិងសាស្រ្តាចារ្យដែលបានធ្វើអត្រាប្រឡងជាប់បានខ្ពស់ ដែលបានធ្វើអោយខឿនអប់រំប្រកបដោយគុណភាព។ ច្បាស់ណាស់ គឺនិស្សិតត្រូវតែមានទាំងចំណេះដឹងនិងចំណេះធ្វើ។ បើគ្រាន់តែមានសញ្ញាបត្រខ្ពស់ តែគ្មានចំណេះដឹងពិតប្រាកដគឺមិនត្រូវតាមតម្រូវការទីផ្សារកាងារទេ។ ព្រោះថាសេដ្ឋកិច្ចទីផ្សារគឺមិនអាចលើកលែងបានទេ។ សម្តេចតេជោ ក៏បានរំលឹកអំពីជំនួបជាមួយកូនក្មួយកម្មករកម្មការនីកន្លងទៅ ដែលសម្តេចបានស្នើសុំអោយម្ចាស់រោងចក្រទូទាំងប្រទេសយោគយល់ដល់ស្រ្តីមានផ្ទៃពោះអោយបានចេញមុនម៉ោង ១៥នាទី។ គឺសម្រាប់ទាំងកម្មករក្នុងប្រព័ន្ឋនិងក្រៅប្រព័ន្ឋ។ ទន្ទឹមនឹងនោះដែរ ចំពោះកម្មការនីដែលត្រូវសម្រាលកូន គឺនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះជាគោលនយោបាយអាទិភាពកាត់បន្ថយអត្រាការសា្លប់របស់ទារកនិងមាតា ហើយដែលផ្សារភ្ជាប់ទៅនឹងកម្មវិធីអាហារូបត្ថម្ភផងដែរ។ នៅទីណាក៏អាចរៀនបានទាំងអស់ មិនត្រឹមតែនៅក្នុងដំបូលសាលាតែប៉ុណ្ណោះទេ។ កុំមើលស្រាលអ្នកនៅជុំវិញយើង មិនថាជាកម្មករ កសិករ គឺអាចផ្តល់ការពិគ្រោះយោបល់ពិភាក្សាបានដែរ។ មិនត្រូវពើងទ្រូងជាមួយអ្នកដទៃ គឺបានត្រឹមតែឯកោតែប៉ុណ្ណោះ។ ព្រោះគេអាចផ្តល់យោបល់សម្រាប់កែតម្រូវដែលយើងមិនអាចគិតដល់។ អរគុណដែលសាកលវិទ្យាល័យមួយចំនួនបានផ្តល់អាហារូបករណ៍មកសម្តេច ដើម្បីចែករំលែកបន្តទៅអោយនិស្សិតក្រីក្រមានឱកាសបានសិក្សា។ កំណើនសេដ្ឋកិច្ចកម្ពុជា ៧% គឺជាផែនទីចង្អុលផ្លូវរួចមកហើយ ដូច្នេះយើងត្រូវតែធានាអោយបាននូវសន្តិភាព ទន្ទឹមនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់របស់ពិភពលោកដូចជាសង្រ្គាមនៅមជ្ឈិមបូពារណ៍ និងការគម្រាមកំហែងសង្រ្គាម និងអាវុធប្រល័យលោករបស់កូរ៉េខាងជើង។ សម្តេចតេជោ សង្ឃឹមថា ដំណោះស្រាយដោយសន្តិភាពនឹងកើតមានឡើង។ ចំពោះកម្ពុជា ក៏កំពុងរិះរកវិធីយកគ្រាប់គីមីរបស់អាមេរិកចេញ ដែលអាចជម្លៀសប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ នេះជាលទ្ឋផលសង្រ្គាមពីអតីតកាល។ សូមបងប្អូនកូនក្មួយដែលកំពុងធ្វើការនៅប្រទេសកូរ៉េ និងក្រុមគ្រួសារកុំព្រួយបារម្ភវាមិនអាចកើតមានទេ។ ទន្ទឹមនឹងនេះដែរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដែលលអាចនឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ សូមប្រុងប្រយ័ត្នដូចជា ខេត្តកណ្តាល ភ្នំពេញ និងកំពងស់ស្ពឺ។ ត្រូវប្រុប្រយ័ត្នជាប់ជានិច្ច។ ចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើដល់ប្អូនៗ ក្មួយៗជ័យលាភីទាំងអស់ គណៈគ្រប់គ្រងសាលា សាស្រ្តាចារ្យ និងអាណាព្យបាល ដែលបានខិតខំរហូតដល់យើងទទួលបានជោគជ័យនៅថ្ងៃនេះ។ បន្ទាប់មកសម្តេចតេជោ បានប្រគល់សញ្ញាបត្រដល់ជ័យលាភីទាំងអស់ដោយបរិយាកាសរីករាយនិងស្និទ្ឋស្នាលក្រៃលែង៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា