សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទទួលទានអាហារពេលល្ងាចរៀបចំដោយ សមាគមកម្ពុជា ជប៉ុន នៅរាត្រីថ្ងៃទី៨សីហា ដដែលនេះដែរ ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមន៍កម្ពុជា ជប៉ុន និង ជាអតីតឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រ តិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការការងារ ទៅទីក្រុងតូក្យូប្រទេសជប៉ុន។ ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី មានប្រសាសន៍សំដែងនូវការសា្វគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញបំពេញទស្សនកិច្ចសាជាថ្មីម្តងទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តម មានប្រសាសន៍បន្តថា ពីមួយថ្ងៃទៅមួយថ្ងៃប្រទេសយើងទាំងពីរកម្ពុជា ជប៉ុន មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា យ៉ាងល្អប្រសើរខ្លាំងណាស់ ពិសេសការធ្វើទំនាក់ទំនងរវាងយុវជននិងយុវជន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលទាំងអស់នេះ គឺជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះឯកឧត្តមមានប្រសាសន៍សំដែងនូវការវាយ តម្លៃខ្ពស់ និងកោតសរសើរ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលធ្វើឲ្យប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយះពេលជាង២០ឆ្នាំមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺមិនអាចកាត់ផ្តាច់ចេញពីការ ជួយឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងនោះក៏មានថ្នាក់ដឹកនាំរបស់សមាគមន៍ជប៉ុន កម្ពុជា ដែលតែងតែជួយដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។ សម្តេចតេជោ មានប្រសាសន៍បន្តថា កាលពីល្ងាចថ្ងៃទី៧សីហា សម្តេចនិងឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្វសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងនោះការចុះហត្ថលេខា និង ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយគ្នាទៅវិញទៅមក គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំទាំងពីរ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា ជប៉ុន។ សម្តេចតេជោក៏បានជំរាបជូនដែរថា នៅថ្ងៃអនាគតខាងមុខ សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការការងារជាថ្មីម្តងទៀត នៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីបង្ហាញពីការគោរពស្រឡាញ់គ្នាទៅវិញទៅមក និងការ ស្រាឡាញ់រាប់អានក្នុងនាមជាមិត្តចាស់៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា