នៅថ្ងៃទី០៨ សីហា ថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានា បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់រៀបចំស្វាគមន៍យ៉ាងកក់ក្តៅដោយសមាគមមិត្តភាពសភាជប៉ុន កម្ពុជា នៅទីក្រុងតូក្យូប្រទេសជប៉ុន។នៅក្នុងពិធីអាហារការងារនេះ ឯកឧត្តមតំណាងប្រធានលេខាធិការដ្ឋានសហព័ន្ធតំណាងរាស្រ្តមិត្តភាពជប៉ុន

កម្ពុជាបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ ឯកឧត្តម បានមានប្រសាសន៍ថា ខួបកំណើតរបស់សម្តេចទើបតែប្រព្រឹត្តទៅប៉ុន្មានថ្ងៃកន្លងទៅនេះ ឯកឧត្តមពិតជារីករាយណាស់ដែលបានឃើញសម្តេចតេជោមានសុខភាពល្អរឹងមាំ ។ ឯកឧត្តមលើកឡើងថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើអោយកម្ពុជាមានការរីកចំរើន និងសំរេចបានកំណើនសេដ្ឋកិច្ចបានយ៉ាងលឿនប្រមាណជិត៨ភាគរយ ធ្វើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក៏កាន់តែប្រសើរឡើង។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នៅខែមករាឆ្នាំ២០១៨ខាងមុននេះជប៉ុននឹងបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដែលនឹងបង្ករភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ជប៉ុនទៅទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា និងដើម្បីចំណងមិត្តភាពកាន់តែជិតស្និតបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ឆ្នាំ២០១៥កន្លងទៅសម្តេច និងឯកឧត្តម Shinzō Abe នាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសរួមគ្នាអំពីការហោះហើរត្រង់កម្ពុជា-ជប៉ុន តាមរយៈការខិតខំរួមគ្នានេះធ្វើអោយប្រទេសយើងទាំងពីរទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ឆ្នាំ២០១៧នេះគឺជាឆ្នាំពិសេសនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ពោលគឺជាខួប៦០ឆ្នាំនៃការចាប់ផ្តើមផ្លាស់ប្តូរដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ទាំងពីរ ដែលក្នុងនោះឯកឧត្តម អតីតនាយករដ្ឋមន្រ្តីជប៉ុន និងជាជីតារបស់ឯកឧត្តមនាយករដ្ឋមន្រ្តី អាបេ ផ្ទាល់ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកទី១ ឆ្នាំ១៩៥៧ ហើយដែលចាប់តាំងពីរពេលនោះមក កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចនិងការជួបប្រាស្រ័យទាក់ទងគ្នាជាប់ជាប្រចាំ រវាងថ្នាក់ដឹកនាំកំពូលថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ និងម្យ៉ាងវិញទៀត ឆ្នាំនេះ ក៏ជាខួប២៥ឆ្នាំ នៃការចូលរួមរបស់កងកម្លាំងជប៉ុនលើកដំបូង ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា នៅក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា