នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាត អោយតំណាងក្រុមហ៊ុនធំៗចំនួន០៤ ចូលជួបសម្ដេងការគួរសម និងពិភាក្សាការងារ រួមមាន ក្រុមហ៊ុនដេនសូ(Denso, Cambodia, Co, Ltd)

ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ (TOYOTA Tsuso Co, Ltd) ធនាគារមីហ្សឹហូ(Mizuho Bank, Ltd) និងក្រុមមីនីប៊ែរ (Minebea, Cambodia, Co, Ltd) ដែលធ្វើឡើងនៅក្នុងសណ្ឋាគារញ៉ូវអូតានី ក្រុងតូក្យូ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ បានបង្ហាញទៅដល់ក្រុមអ្នកវិនិយោគ ពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ដែលក្នុងនោះរួមមានហេដ្ឋរចនាសម្ព័ន្ធ ទឹកភ្លើង តម្លៃពលកម្មសមរម្យ ជាពិសេសគឺកម្ពុជាកំពុងទទួលបានអ្នកវិនិយោគជប៉ុនច្រើនបំផុត។ នៅក្នុងជំនួបជាមួយអ្នកវិនិយោគជប៉ុននាពេលនេះ គឺដើម្បីទាក់ទាញការវិនិយោគទៅកម្ពុជាអោយបានច្រើន ជាពិសេសគឺជំរុញលើវិស័យឧស្សហកម្ម ដើម្បីបង្កើនប្រាក់ចំណូល ដែលនឹងផ្ដល់ការងារដល់បងប្អូនប្រជាពលរដ្ឋ និងប្រាក់ចំណូលសម្រាប់ប្រទេសជាតិយើងទាំងមូល។ គិតមកដល់ឆ្នាំ២០១៧ នេះគឺជាខួបលើកទី២៥ឆ្នាំ ដែលជប៉ុនបានបញ្ជួនកងទ័ពដំបូងបំផុតទៅកាន់កម្ពុជាគឺនៅឆ្នាំ១៩៩២ ដើម្បីចូលរួមរក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ដែលស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក៏ជាខួបលើកទី៦០ឆ្នាំនៃដំណើរទស្សនកិច្ចដំបូងបំផុតមកកាន់កម្ពុជានៅឆ្នាំ១៩៥៧ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Nobusuke Kishi ដែលត្រូវជាជីតារបស់លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុនបច្ចប្បន្ន ដែលនេះគឺបានបង្ហាញពីប្រវត្តិទំនាក់ទំនងការទូតយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ប្រវត្តិនៃទំនាក់ទំនងការទូតទាំងអស់នេះហើយដែលបានធ្វើអោយអ្នកវិនិយោគជប៉ុនកាន់តែមានភាពកក់ក្ដៅនៅក្នុងការវិនិយោគនៅកម្ពុជា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា