ថ្ងៃ ១២ កក្កដា ស្អែកនេះត្រូវជាខួប៤ឆ្នាំនៃមរណះភាពរបស់ឪពុកខ្ញុំ(១២ កក្កដា ២០១៣ - ១២ កក្កដា២០១៧)។ ដំណក់ទឹកភ្នែករបស់កូនប្រុសស្រី ចៅ និងចៅទួតប្រុសស្រី ញាតិមិត្តជិតឆ្ងាយបានចេញមកដោយក្តីស្រណោះអាឡោះអាល័យ។ ម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃ១២ កក្កដា ២០១៣ ជាថ្ងៃសោកសៅបំផុតសំរាប់ខ្ញុំបន្ទាប់ពីបាត់បង់ម្តាយនៅថ្ងៃទី១០

ខែ មិនា ១៩៩៨ និងការបាត់បង់កូនប្រុសទី១របស់ខ្ញុំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ (ចម្រៀងជីវិតអ្នកចំការ វាសនាអ្នកស្រែ) (វាលស្រែស្រណោះ) ដែលខ្ញុំនិពន្ធឡើងបង្ហាញការខិតខំរបស់ឪពុកខ្ញុំដើម្បីកូនៗ ពិសេសរូបខ្ញុំនេះតែម្តងដែលធ្វើអោយគាត់ហូរទឹកភ្នែកច្រើនជាងគេ។ ឪពុកខ្ញុំស្រក់ទឹកភ្នែកពេលគាត់ជូនខ្ញុំមកមាត់ទន្លេដើម្បីឡើងកាណូតមកកាន់ក្រុងភ្នំពេញក្នុងពេលដែលខ្ញុំស្ថិតនៅជាកុមារអាយុ១៣ឆ្នាំដើម្បីបន្តការសិក្សា។ គាត់យំនៅពេលឃើញខ្ញុំធ្វើការធ្ងន់បំរើព្រះសង្ឃនៅវត្តនាគវន្តដោយការអូសទឹក រែកទឹកមកដាក់ពាងដែលមានផ្លូវឆ្ងាយ។ ឪពុកខ្ញុំយំនៅពេលខ្ញុំថ្វាយបង្គំលាគាត់ចូលបំរើកងទ័ពរបស់សម្តេចឪនាថ្ងៃ៤ ខែ មេសាឆ្នាំ១៩៧០។ មិនដឹងថាឪពុកខ្ញុំយំប៉ុន្មានដងរយះពេល៩ឆ្នាំពេលខ្ញុំចេញច្បាំងជាមួយចក្រពត្តិអាមេរិក១៩៧០ ដល់១៩៧៥ និងដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីរំដោះប្រជាជននាឆ្នាំ១៩៧៩។ ឪពុកខ្ញុំជាមនុស្សប្រុសតែម្នាក់គត់ដែលផ្តល់ឱវាទអោយខ្ញុំតាំងពីខ្ញុំនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយរបស់គាត់ បើទោះជាខ្ញុំមានឋានៈខ្ពង់ខ្ពស់គ្រប់គ្រងអំណាចរដ្ឋក៏នៅតែជាកូនរបស់គាត់ដដែលមិនអាចផ្លាស់ប្តូរឋានៈនេះបានឡើយ។ ដើម្បីជាការជូនដំណើរចុងក្រោយដែលគ្មានពេលវិលជួបវិញ កូនបាននិពន្ធចម្រៀង២បទគឺ (ទឹកភ្នែកកូនប្រុស) និងបទ (អកលាទ្រនំ) ដើម្បីជាការចងចាំរបស់កូនចំពោះពុក។ ម៉ែមកចាប់ជាតិក្លាយចៅស្រីរបស់កូនហើយ សង្ឃឹមថាពុកនឹងមកចាប់ជាតិជាមួយចៅពុក២នាក់ដែលកំពុងមានផ្ទៃពោះហើយដឹងថាសុទ្ធតែប្រុសទៀតផង៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា