នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៧ )នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សាកោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង

ដំបូងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំសហការរីមួយចំនួន០៤រូប រួមមាន នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយ ឧបត្ថម្ភ គាំទ្រ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ នៅពេលអញ្ជើញមកដល់ទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួននៅសាលាបឋមសិក្សា ហ៊ុន សែន កោះថ្ម ក្នុងបរិយាកាសរីករាយក្រៃលែង។ សម្តេចតេជោបានរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់របស់សម្តេច នាគ្រានោះប្រាប់ដល់មហាជនក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់របស់សម្តេចនាពេលនោះគឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ១៩៧០ប្រជាជនកម្ពុជាទូទាំងប្រទេសបានរងចាំនូវចលនាដឹកនាំខ្លាំងក្លា មួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។ នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលធ្លាប់បានស្គាល់គ្នាក្នុងសម័យតស៊ូនោះផងដែរ។ នៅទីនេះសម្តេចតេជោ ក៏ផ្តល់ជូននូការសាងសង់អគារសាលាបឋមសិក្សាកោះថ្ម១ខ្នង២ជាន់ផងដែរ ដែលពេលនេះសាងសង់បានប្រមាណជាង៥០% ហើយ ព្រមទាំងផ្តល់តាមការស្នើរសុំរបស់ប្រជាពលនូវអគារសាលាបុណ្យ១ខ្នង និងប្រឡាយទឹក១ខ្សែផងដែរ បន្ទាប់មកសម្តេចតេជោ និងក្រុមប្រតិភូក៏បានបន្តដំណើរមកព្រំដែនកម្ពុជា វៀតណាម ត្រង់ចំនុចដើមត្រយឹង(ចំណុចប្រវត្តិសាស្ត្រទី២) ដែលជាទីតាំងសម្ដេចបានឆ្លងចូលប្រទេសវៀតណាម៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា