កាលពីល្ងាចម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើដំណើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងស៊ីអាន ខេត្តសានស៊ី

ដើម្បីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន ប្រចាំទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន។ នៅអាកាសយានដ្ឋានអន្តរជាតិស៊ីអាន ខេត្តសានស៊ី សម្តេចតេជោ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ហ៊ូ ហឺ ភីង អភិបាលខេត្តសានស៊ី ព្រមទាំងមន្រ្តី និង ឥស្សរជនជាន់ខ្ពស់ ជាច្រើនខ្ពស់ ខេត្តសានស៊ី និងមន្រ្តីពាណិជ្ជកម្មរបស់កម្ពុជា ប្រចាំទីក្រុងស៊ីអានជាច្រើនរូប។ កម្ពុជាបានបើកស្ថានអគ្គកុងស៊ុលនៅទីក្រុងស៊ីអាន ខេត្តសានស៊ី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ដោយគ្របដណ្តប់ខេត្តសានស៊ី ខេត្តកានស៊ូ និងតំបន់ស្វយ័តនីងសែ។ ចំពោះទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគ គឺកម្ពុជាបាននាំចូលទៅកាន់ខេត្តសានស៊ីមានទំហំជាង៤២លានដុល្លាក្នុងឆ្នាំ២០១៥ និង ជិត៥៣លានដុល្លារក្នុងឆ្នាំ២០១៦។ ការវិនិយោគរបស់អ្នកវិនិយោគខេត្តសានស៊ី នៅកម្ពុជាមានទំហំ ១,៣៣លានដុល្លារក្នុងឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៥កន្លងទៅនេះដែរ ចំនួនភ្ញៀវទេសចរណ៍ពីខេត្តសាន ស៊ី មកកម្ពុជាគឺមានចំនួន១ម៉ឺននាក់។ បច្ចុប្បន្នមាននិស្សិតខ្មែរ ៤៧នាក់ និងមានប្រជាជនខ្មែរ ចំនួន ២៤៧ នាក់ស្នាក់នៅខេត្តសានស៊ីផងដែរ។ កាលពី ថ្ងៃទី៣-៥ ខែសីហាឆ្នាំ២០១៦ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋ នៅខេត្តសានស៊ី។ ជាមួយគ្នានេះដែរ មេដឹកនាំខេត្តសានស៊ី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់នៅកម្ពុជាផងដែរ។ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ស៊ីអាន ស្ថិតក្នុងទីតាំងដ៏សមរម្យមួយ នៃអគារពាណិជ្ជកម្មរបស់ សមាគមសេដ្ឋកិច្ចវប្បធម៌កម្ពុជា ចិន មានឈ្មោះថា Qujiang Culture Building គឺនៅតាមបណ្តោយ ផ្លូវលេខ២៩២ សង្កាត់គូយាន ទីក្រុងស៊ីអាន ខេត្តសាន ស៊ី។ មជ្ឈមណ្ឌលនេះគ្រប់គ្រងដោយសមាគម ទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងពាណិជ្ជកម្ម និងជាទីកន្លែងផ្តល់ព័ត៌មានដល់ពាណិជ្ជករ អ្នកទេសចរ និងវិនិយោគិនទាំងបរទេស និងចិន ដែលចង់ស្វែងយល់ព័ត៌មានអំពីកម្ពុជា។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺមានដាក់តាំងពិព័រណ៌ផលិតផលខ្មែរជាច្រើន ខិតប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្ម ព័ត៌មានទាក់ទិនទៅនឹង ការវិនិយោគ និងឯកសារផ្សេងៗអំពីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអភិបាលខេត្តសានស៊ី បានអញ្ជើញកាត់ខ្សែបូរបើកឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន ប្រចាំទីក្រុងស៊ីអាន ខេត្តសានស៊ី ចាប់បីពេលនេះតទៅ។ នៅក្នុងពិថីនោះដែរ សម្តេចតេជោ និងថ្នាក់ដឹកនាំទាំងអស់ អញ្ជើញទស្សនាការដាក់តាំងពិព័រណ៌សមិទ្ធផលនានារបស់ប្រទេសកម្ពុជា ដែលបានដាក់តាំងបង្ហាញ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា