នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួប សំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ ក្នុងទីក្រុងប៉េកាំង។

ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរកម្ពុជា ចិន មានភាពល្អប្រសើរខ្លាំងណាស់ ពោលគឺប្រទេសចិនតែងតែមានការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ពិសេសក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបាននិងកំពុងពង្រឹងបន្ថែមទៀត ក្នុងការនាំមកនូវផលប្រយោជន៍ សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ពិសេសរួមចំណែកដល់ការថែរក្សាស្ថេរភាពសម្រាប់ការអភិវឌ្ឍ ហើយឆ្នាំ២០១៨គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ តាមរយៈនេះយើងត្រូវរៀបចំការប្រារព្វខួប៦០ឆ្នាំ ឲ្យមានសកម្មភាពអធឹកអធមនិងមានភាពជោគជ័យបំផុត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ដំណើរនៃការអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិននាពេលនេះ គឺជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងជាការចូលរួមចំណែកក្នុងការពង្រឹងថែមទៀត នៃការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំទាំងពីរបានដាក់ចេញ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជំរុញនូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរកាលពីពេលកន្លងមក ។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់ឯកឧត្តមប្រធានាធិបតីបន្តនូវការគាំទ្រដល់ប្រទេសកម្ពុជា ពិសេសជួយដល់ការកសាងសមត្ថភាព លើវិស័យការពារជាតិ សន្តិសុខ ការបង្កើនជំនួយកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទាន ដើម្បីបង្កើនល្បឿននៃការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា។ ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមគោរពអញ្ជើញឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត ក្នុងប្រទេសកម្ពុជានាពេលខាងមុខ ឬក្នុងឆ្នាំ២០១៨ដែលជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបាន អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅរបស់ឯកឧត្តម ស្តីពីកំណែទំរង់និងអភិបាលកិច្ច របស់វិទ្យាស្ថានខុងជឺ ក្នុង ប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងមក។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍វាយតម្លៃខ្ពស់ផងដែរ ចំពោះ គណះកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានភាពជោគជ័យលើការងារជាច្រើន ក្នុងទំនាក់ទំនងទ្វេ ភាគី ពិសេសការអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវ៉ាត់និងផ្លូវ។ ឯកឧត្តមក៏បានផ្តល់នូវសេចក្តីសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខ ទំហំពាណិជ្ចកម្មនៃប្រទេសទាំងពីរនឹងមានការកើនឡើងរហូតដល់៦ពាន់លានដុល្លាអាមេរិក ហើយ នៅឆ្នាំ២០១៨ខាងមុខនេះភាគីចិននឹងទទួលការទិញអង្ករពីប្រទេសកម្ពុជា ចំនួន៣០ម៉ឺនតោន រួមទាំងការជួយកសាងឃ្លាំងអង្ករក្នុងប្រទេសកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តមនិងជំរុញឲ្យមានការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ កសាងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ និងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប ព្រមទាំងសំរេចផ្តល់ជំនួយឥតសំណង១ពាន់២០០លានយ័នដល់កម្ពុជា ដើម្បីឲ្យភាគីកម្ពុជាកសាងសាលារៀន កសាងបណ្តាញគមនាគមន៍ជនបទ ជីកអណ្តូងទឹកស្អាត ជាមួយគ្នានេះចិននឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០លានយ័ន ក្នុងឆ្នាំ២០១៧ ជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា ដើម្បីជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។ ឯកឧត្តម បន្តថា នៅឆ្នាំ២០២០និងមានភ្ញៀវទេសចរណ៍ចិនទៅទស្សនាប្រទេសកម្ពុជាចំនួន២លាននាក់ ដោយសារប្រទេសកម្ពុជាមានប្រាង្គប្រាសាទដ៏ល្បីល្បាញ ហើយក្នុងនោះភរិយារបស់ឯកឧត្តម រួមទាំងកូនរបស់ឯកឧត្តម មានបំណងទៅទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាប។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាផងដែរទៅលើការរួមគ្នា ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ បញ្ហាតំបន់និងអន្តរជាតិ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា