នៅព្រឹកថ្ងៃទី ១៤ ឧសភា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួមពិធីបើក “វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” នៅ Auditorium Hall នៃមជ្ឍមណ្ឌលសន្និសីទជាតិចិន ទីក្រុងប៉េកាំង ប្រទេសចិន។

វេទិកានេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មកពី២៨ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ប្រមុខអង្គការសហប្រជាជាតិ ប្រធានធនាគារពិភពលោក ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រតិភូថ្នាក់រដ្ឋមន្រ្តី សហគ្រិន អ្នកជំនាញខាងកិច្ចការហិរញ្ញវត្ថុចំនួន ១,២០០ រួមទាំងអ្នកសារព័ត៌មានអន្តរជាតិមកពី១១០ប្រទេសលើពិភពលោក។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែលបានចូលរួមទាំងអស់ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោក ស៊ី ជីនពីង ប្រធា នាធិបតីចិន។ នៅក្នុងពិធីបើកវេទិកាព្រឹកមិញនេះ លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការកត់សំគាល់ដោយសេចក្តីសោមនស្សរីករាយ ចំពោះវត្តមាននៃបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រមុខអង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងគណះប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីបើកវេទិកានាពេលនេះ។ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះឡើងគឺសំដៅស្វែងរកសម្លេងជាឯកច្ឆ័ន្ទ កំណត់ទិសដៅធ្វើកិច្ចសហប្រតិបត្តិការ និងជំរុញឲ្យមានការអនុវត្តគម្រោងទាំងឡាយ ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយនិងលើកម្ពស់ការគាំទ្រយន្តការនៃប្រព័ន្ធការងារនានា។ លោកប្រធានាធិបតីបញ្ជាក់ថា ប្រទេសចិននិងប្រើប្រាស់វេទិកានេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែចំហរ និងមានប្រសិទ្ធភាពដើម្បីកសាងបណ្តាញដៃគូឲ្យកាន់តែជិតស្និទ្ធ និងខ្លាំងក្លាជាងមុន ពិសេសជំរុញឲ្យមានភាពត្រឹមត្រូវ សមហេតុផល និងតុល្យភាពកាន់តែច្រើននៅក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ។ នៅក្នុងសុន្ទរកថាគន្លឹះរបស់លោកប្រធានាធិបតីចិន គឺបានគូសបញ្ជាក់ដែរថា វេទិកានេះមានបំណងស្វែងរកវិធីដោះស្រាយទាំងបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងទាំងបញ្ហាសេដ្ឋកិច្ចលើសកលលោក ដើម្បីបង្កើតឲ្យមានថាមពលថ្មីដែលអាចជួយជំរុញ ឲ្យមានការអភិវឌ្ឍដែលមានអន្តរទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយ និងសំដៅធានាឲ្យបានថា គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងជូនទៅប្រជាជន របស់ប្រទេសដែលបានចូលរួមក្នុងកិច្ចផ្តួចផ្តើមនេះ។ ឯកឧត្តមប្រធានាធិបតីក៏បានគូសបញ្ជាក់ពីការជំ រុញការតភ្ជាប់រវាងទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វីក ជាមួយនិងបណ្តាប្រទេសដែលនៅលើខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ពិសេសបង្កើតបណ្តាញតភ្ជាប់លើគ្រប់វិស័យ គ្រប់ស្រទាប់ និងគ្រប់ទម្រង់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការបើកច្រក ទីផ្សារ ជំរុញការវិនិយោគ និងបង្កើតឱកាសការងារ។ ការពង្រឹងការតភ្ជាប់ប្រជាជន និងប្រជាជន ឈរលើមូលដ្ឋានយោគយល់គ្នា ជឿជាក់គ្នា គោរពគ្នាទៅវិញទៅមក និងរស់នៅជាមួយគ្នាប្រកបដោយវិបុលភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។ ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ គឺជាឱកាសបើកចំហដល់កិច្ចសហប្រតិបត្តិការផ្តោតជាសំខាន់លើមហិច្ឆិតាសេដ្ឋកិច្ច និងស្វែងរកសន្តិភាព មិត្តភាព រវាងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក អង្គការតំបន់ និងអន្តរជាតិ ឈរលើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមគ្នា ដើមបីទទួលបានផលប្រយោជន៍ទៅវិញទៅមក និងសន្តិសហវិជ្ជមាន៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា