នៅសណ្ឋាគាសុខាភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មានស្តីពី វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧។

នៅក្នុងសន្និសីទសារព័ត៌មាននេះ គឺមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វេទិការសេដ្ឋកិច្ចពិភពលោកថ្ងៃនេះនៅកម្ពុជា គឺពិតជាបានផ្តល់នូវកាលានុវត្តភាពសម្រាប់ការលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ដែលជា មោទនៈភាពជាតិយើង។ លើសពីនេះទៅទៀត វេទិកានេះនឹងរួមចំណែកដល់ការលើកតម្កើងកាលា នុវត្តវិស័យនៃវិនិយោគ និងទេសចរណ៍របស់កម្ពុជា។ ទន្ទឹមនឹងនេះ វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ានឆ្នាំ២០១៧ នឹងផ្ដល់លទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ថែមទៀតដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និងវិបុលភាព ដែលរួមចំណែកដល់ការកសាង សហគមន៍ អាស៊ានដ៏រឹងមាំមួយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីបដិវត្តន៍ឧស្សាហកម្មដែលពិតជានាំមកនូវផល ប្រយោជន៌ខ្លាំង តែទន្ទឹមនេះ ដោយសារបច្ចេកវិទ្យាកាន់តែទំនើបក៏អោយមាននូវហានិភ័យផងដែរ ដូចជាការប្រើមនុស្សយន្តធ្វើការជាដើម គឺបានប៉ះពាល់ដល់ចំនួនការងារសម្រាប់ប្រជាជន។ កម្ពុជាបានដាក់ចេញនូវគោលនុឲយោបាយឧស្សាហកម្ម ២០១៥ -២០២៥ រួមនិងការដាក់ចេញនូវយុទ្ធសាស្ត្រ មិនបែងចែកដាច់ពីគ្នារវាងប្រាក់ចំណូល និងទ្រព្យសម្បត្តិរវាងប្រទេសមួយជាមួយប្រទេសមួយទៀតបានទេ តែសង្ឃឹមថា ការកាត់បន្ថយគម្លាតខួរក្បាល ដែលនឹងធ្វើអោយមានការកាត់បន្ថយគម្លាតក្នុងការធ្វើសមាហរណកម្មពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា កម្ពុជាបានដើរមកដល់ដំណាក់កាលនេះ គឺត្រូវស្គាល់ពីអតីតកាលដែលល្បីដោយការកាប់សម្លាប់ បំផ្លិចបំផ្លាញ ដោយសង្គ្រាម។ តែពេលនេះកម្ពុជាកំពុងមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់។ ជាពិសេសវិស័យអប់រំកម្ពុជាបានធ្វើអោយកុមារទាំងអស់ទទួលបានការសិក្សាចាប់តាំងពីកំរិតបឋម ដល់ឧត្តមសិក្សាដែលមានជាង១០០សាកលវិទ្យាល័យ សម្រាប់សិក្សាជំនាញនានា។ កម្ពុជាក៏ទទួលបានមួយចំនួនរួចមកហើយនូវការវិនិយោគដោយបច្ចេកវិទ្យាទំនើប ហើយក្រុមហ៊ុនធំៗមួយចំនួនដែលមានរោងចក្រនៅក្នុងប្រទេសថៃ និងវៀតណាម ក៏បានបន្ថែមការវិនិយោគរបស់គេនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជាមានធនធានមនុស្សដែលជំនាញគ្រប់គ្រាន់សម្រាប់ការវិនិយោគទាំងនោះ។ ទាំក់ទងទៅនឹងផលប្រយោជន៍ និងការអញ្ជើញចូលរួមនៅក្នុង កិច្ចប្រជុំស្តីពីខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិននាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរយ៉ាងខ្លាំចំពោះគំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ដែលអាស៊ានក៏បានទទួលផលប្រយោជន៍ពីការនាំចេញទៅប្រទេសចិនដែលមានបរិមាណច្រើនជាងការនាំចូលពីចិនមកអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក ប្រធានាធិបតីចិន ស៊ី ជីងពីង ដែលបានបង្កើតអោយមានជម្រើសនៃគោលនយោបាយ និងគំនិតផ្តួចផ្តើមជាច្រើនសម្រាប់តំបន់អាស៊ី ដូចជាគោលនយោបាយផ្លូវសូត្រសតវត្សទី២១ និងទំនាក់ទំនងល្អផ្សេងៗទៀតជាមួយកម្ពុជា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា