សម្តេចតេជោ ហ៊ុន សែន ជួប លោកប្រធានក្រុមហ៊ុនអាកាសចរណ៍ Air Asia នៅមុនពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទកាសែតកាលពីម៉ោង ១១:០០ព្រឹកមិញ នេះ

សម្តេចតេជោបានអញ្ជើញជួបលោក តាន់ស្រ៊ី Anthony F. Fernandees ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia នៅសណ្ឋាគារ សុខាភ្នំពេញ។ លោកប្រធានក្រុមហ៊ុនអាកាសចរណ៍បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំនូវវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ភាពស្រស់ថ្លា និងថាមពល ដែលកម្ពុជាកំពុងតែមានសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ ពិសេសទៅទៀតនោះគឺយុវជនកម្ពុជាពោរពេញទៅដោយសក្តានុពលនិងមានភាពឈ្លាសវៃ ប្រកប ដោយឆន្ទះខ្ពស់ដើម្បីទទួលបាននូវភាពជោគជ័យទាំងឡាយសម្រាប់អនាគតរបស់ពួកគេ។ តាមរយះកិច្ចសន្ទនាគ្នានេះ លោកប្រធានក្រុមហ៊ុនបានសំដែងនូវភាពសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកតាន់ស្រ៊ី Anthony F. Fernandees ក៏បានជំរាបជូន សម្តេចតេជោផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ី នឹងធ្វើការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ទីក្រុងព្រះសីហនុ ដោយការហោះហើរជាលើកដំបូង ដែលមានចំនួន ៤ជើងក្នុង១សប្តាហ៍។ ក្រោយរយះពេល៣ខែបន្ទាប់មកគឺនឹងមានការហោះហើរជារៀងរាល់ថ្ងៃ។ លោក ប្រធានក៏បានបញ្ជាក់ផងដែរថា ឥឡូវនេះក្រុមហ៊ុនរបស់លោកកំពុងការលក់សំបុត្រនៃការហោះ ហើរ ត្រង់មកពីទីក្រុងកូឡាឡាំពួរមកកាន់ទីក្រុងព្រះសីហនុ ហើយរូបលោកមានជំនឿជឿជាក់ថា ការហោះ ហើរត្រង់នោះនឹងជួយជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត ជាពិសេសក្នុងរយះពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនលោក នឹងអាចនាំភ្ញៀវទេសចរណ៍ប្រមាណ ៣លាននាក់មកកាន់ ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ចំពោះការហោះហើរត្រង់ជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ពីទីក្រុងកូឡាឡាំពួរ មកកាន់ទីក្រុងព្រះសីហនុ។ ការហោះហើយត្រង់នេះ គឺនឹងនាំមកនូវការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាផង និងម៉្យាងវិញទៀតគឺនឹងផ្តល់នូវជំរើស ដល់ប្រជាជនកម្ពុជាដែលនិងត្រូវធ្វើការហោះហើរត្រង់ ពីរាជធានីភ្នំពេញឬពីក្រុងព្រះសីហនុ និងទៅ កាន់ទីក្រុងកូឡាឡាំពួរទៀតផង ៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា