នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា: “អភិបាលកិច្ចប្រទេសចិន” ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ពិធីផ្សព្វផ្សាយសៀវភៅរបស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការវាងរាជ បណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។ សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់ លោក ស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម ។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦លាន២សែនក្បាលនៅលើសាកលលោកទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈសៀវភៅនេះ គឺជាផ្នែកមួយដើម្បីបង្ហាញអំពីអភិបាលកិច្ចនៃប្រទេសចិននឹងជាប្រយោជន៏មួយក្នុងការផ្តល់ចំណេះដឹងឲ្យកាន់តែស៊ីជម្រៅនៅកម្ពុជា ដែលជាគំនិតរបស់ លោក ស៊ី ជីនពីង ជុំវិញអភិបាលកិច្ចរបស់ប្រទេសចិន។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសចិនឆ្ពោះទៅរកការកំណែទម្រង់ដ៏ស៊ីជម្រៅមួយពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានខុងជឺ ដែលបានបកប្រែជាភាសាខ្មែរ។ នេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងចិន ដែលមានទំនាក់ទំនងជាមួយគ្នាជិត២ពាន់ឆ្នាំមកហើយ ដែលបាននាំមកនូវផ្លែផ្កាជាច្រើនទៅវិញទៅមករវាងប្រទេសទាងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌ និងផ្នែកផ្សេងៗទៀតជាដើម ។ ចិនជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា។ ប្រទេសចិនជាប្រទេសមួយដែលចួលរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងជាប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយគាំទ្រមកដល់ប្រទេសកម្ពុជាក្នុងគម្រោងនៃការអភិវឌ្ឍវិស័យផ្សេងៗ ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចម្រើន។ ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយយុវជនកម្ពុជា យកសៀវភៅនេះទៅអាន ដើម្បីទទួលបាននូវបទពិសោធន៍ ចំណេះដឹងល្អ សំរាប់ជាគោលដៅក្នុងជីវិតផងដែរ។ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមជួបតែសេចក្តីសុខសម្រើនគ្រប់ពេលវេលា ព្រមទាំងបានផ្តល់កិត្តិយសអញ្ជើញទទួលសៀវភៅ ជាខេមរភាសា “អភិបាលកិច្ចប្រទេសចិន” ដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងបានប្រគល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា