នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ជាំង ជៀងកៅ(Jiang Jiauguo) សមាជិកបក្សកុម្មុយនីស្តចិន ខណៈដែលរូបលោកបានអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីអភិបាលកិច្ចប្រទេសចិន របស់លោកប្រធានាធិបតីចិន ស៊ីជីនពីង។

លោក Jiang Jiauguo បានគោរពថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីអភិបាលកិច្ចល្អ ដែលនិពន្ធ ដោយលោកប្រធានាធិបតីចិន ស៊ីជីនពីង។ លោក Jiang Jiauguo បានមានប្រសាសន៍ថា នេះជាលើកទី១ដែលោកបានមកកាន់កម្ពុជា ហើយបានជួបជាមួយរដ្ឋ មន្ត្រីក្រសួងព័ត៌មាន,ជួបជាមួយលោកជំទាវ ប្រធានរាជបណ្ឌិតសភាកម្ពុជា ហើយក្នុងដំណើរទៅជួបរដ្ឋមន្ត្រីព័ត៌មាន និងលោកជំទាវ ប្រធានរាជបណ្ឌិតសភាកម្ពុជានោះ លោកបានសង្កេតឃើញប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ប្រជាជនមានជីវភាពល្អ មុខមាត់ស្រស់ថ្លា ហើយជាងនេះទៀត កម្ពុជា គឺកំពុងមានកិត្តិស័ព្ទនៅលើឆាកអន្តរជាតិ។ លោក Jiang Jiauguo បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា និងបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានគាំទ្រសៀវភៅ ដែលនិពន្ធដោយលោក ប្រធានាធិបតី ស៊ីជីន ពីង និងបានថ្លែងអំណរគុណដល់សម្តេចវិបុលបញ្ញា សុខ អាន ដែលកន្លងមកបានប្រឹងប្រែងជួយគាំទ្រធ្វើឱ្យសៀវភៅនេះ មានរូបរាងជាខេមរៈភាសាឡើង។ សៀវភៅនេះ ជាកម្រងឯកសាររបស់លោក ស៊ីជីន ពីង កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ មាន១៦ភាសារ និងបានបោះពុម្ព ចំនួន៦លាន២សែនក្បាលរួចមកហើយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជបណ្ឌិតសភាកម្ពុជា ក៏ដូចជាសម្តេចវិបុលបញ្ញា សុខអាន ផងដែរ ដែលបានខិតខំប្រឹងប្រែងលើកិច្ចការនេះ និងបានថ្លែងអំណរគុណដល់មិត្តចិនផងដែរ ដែលបានបកប្រែសៀវភៅនេះ ជាខេមរៈភាសា ហើយសម្តេចមានប្រសាសន៍ថា សៀវភៅអភិបាលកិច្ចចិននេះ គឺមានតម្លៃ មិនត្រឹមតែ ប្រទេសចិនទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀតយកជាការដកពិសោធន៍ផងដែរ សម្រាប់កម្ពុជា សៀវភៅនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ទទួលសិក្សា អំពីធាតុចូលផង និងសម្រាប់ដកស្រង់ជាបទពិសោធន៍សម្រាប់ការសិក្សាផង៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា