សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រទឹកស្អាតនិរោធជំហានទី២ The Official Inauguation Ceremoy of Nirodh Water Treatgment Plant stag 2 នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ថែមលើការវិនិយោគដ៏ធំនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលហិរញ្ញប្បទានផ្ទាល់លើកទី៣ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រើប្រាស់ថវិកាបដិភាគរបស់ខ្លួន ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានសមត្ថភាពផលិតទឹក ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់នៅជំហានទី១ ចំនួន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះបានប្រើរយៈពេលសាងសង់ ៣០ខែ ដោយប្រើថវិកាសរុបចំនួន ៦០.៩០លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២៤.៩០ លានដុល្លារអាមេរិក និងថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍចំនួន ៣៦ លានដុល្លារអាមេរិក។ តាមរយៈរោងចក្រនេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ។ ថ្ងៃនេះយើងមានរោងចក្រផលិតទឹកស្អាតជាច្រើនបានកើតឡើង តែយើងមិនភ្លេចទេអំពីការខ្វះខាតទឹកប្រើប្រាស់ក្នុងកំឡុងឆ្នាំ ១៩៧៩ ដោយកាលនោះយើងមិនមានប្រព័ន្ធទឹកស្អាតដូចសព្វថ្ងៃនេះ។ ជាពិសេសនៅក្នុងរាជធានីភ្នំពេញផ្ទាល់ នៅក្នុងសម័យប្រល័យពូជសាសន៍ប៉ុលពតគឺបានបំផ្លាញប្រព័ន្ធទឹកស្អាតអស់។ ពេលនេះក្នុងរាជធានីភ្នំពេញបានបង្កើតប្រព័ន្ធទឹកស្អាតគ្រប់ទីកន្លែងដើម្បីបម្រើដល់សេចក្តីត្រូវការទឹកស្អាតដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកទីនេះម្តងហើយកាលពីឆ្នាំ ២០១៣ ក្នុងការសម្ភោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ ជំហានទី១ ហើយថ្ងៃនេះបានអញ្ញើញមកលើកទី២ ក្នុងការសម្ភោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២។ ទន្ទឹមនឹងនេះ សម្តេចជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៣ចំនុចសំខាន់ៗ ដើម្បីសម្រួលដល់ការប្រើប្រាស់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ: ១)កន្លងមកឃុំមួយចំនួនដែលស្ថិតនៅក្នុងខេត្តកណ្តាលមិនទាន់កាត់ចូលក្នុងរាជធានីភ្នំពេញ នឹងការប្រើប្រាស់តំលៃទឹកក៏មានការខុសគ្នាពីរាជធានីភ្នំពេញដែរ ប៉ុន្តែឃុំទាំងអស់នោះត្រូវបានកាត់ចូលរាជធានីភ្នំ ដូច្នេះតម្លៃទឹកគឺត្រូវសម្រួលអោយប្រហាក់ប្រហែលគ្នា។ ២)សូមអោយរដ្ឋាករទឹក និងអគ្គិសនីកម្ពុជាពិភាក្សាគ្នាក្នុងប្រើប្រាស់អគ្គិសនី សម្រាប់បូមទឹក ផលិតទឹក ដើម្បីធ្វើយ៉ាងណាចំណាយលើអគ្គិសនីក្នុងតំលៃសមរម្យ បើសិនជាអាចគួរប្រើប្រាស់អគ្គិសនីក្នុងពេលយប់ ព្រោះពេលថ្ងៃមានចំនួនអ្នកប្រើប្រាស់ច្រើន។ ដូច្នេះអគ្គិសនី រដ្ឋាករទឹក រាជធានីភ្នំពេញ ក្រសួងរ៉ែ និង ថាមពល ក្រសួងឧស្សាហកម្ម ត្រូវសហការគ្នាដោះស្រាយបញ្ហារនេះអោយមានប្រសិទ្ធភាព។ ៣)សម្តេចតេជោ ហ៊ុន សែន បានស្នើអោយក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋាករទឹកក្រុងភ្នំពេញ និងអគ្គិសនីកម្ពុជាត្រូវពិភាក្សាគ្នា ក្នងការសម្របសម្រួលកំណត់តំលៃអគ្គិសនី ដើម្បីផ្តល់ជូនដល់ប្រព័ន្ធរោងចក្រផលិតទឹកស្អាតនានា ដែលកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពរដ្ឋយើង។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចរដ្ឋាករទឹកកម្ពុជា ដែលបានអនុវត្តអនុសាសន៍សម្តេចផ្ទាល់ដែលបានដាក់ចេញក្នុងការបញ្ជុះតំលៃទឹក និងតម្លៃភ្លើងជូនដល់កម្មករ កម្មការនីដែលកំពុងបម្រើការតាមរោងចក្រនានា ដែលពីមុនតំលៃអគ្គីសនិ និងតម្លៃទឹកត្រូវបានកំណត់ដោយម្ចាស់ផ្ទះជួល ក៏ប៉ុន្តែពេលនេះតំលៃនេះគឺត្រូវបានកំណត់ដោយក្រសួង ដែលបាននិងកំពុងជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋយើង។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណដៃគូម្ចាស់ជំនួយ និងរដ្ឋាភិបាលបារាំងដែលបានជួយក្នុងគម្រោងប្រព័ន្ឋទឹកស្អាតនេះ។ សម្តេចតេជោបានអញ្ជើញបំពាក់មេដាយគ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃល្អក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រទឹកស្អាតនិរោធជំហានទី២ ព្រមទាំងបានអញ្ជើញទស្សនាប្រព័ន្ធរោងចក្រចម្រោះទឹកស្អាតក្នុងបរិយាកាសរីករាយក្រៃលែង៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា