នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួនក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។

សម្តេចតេជោនាយករដ្ឋមន្រ្តីរីករាយណាស់ដែលបានអញ្ជើញមកបញ្ចុះខ័ណ្ឌសីមានៅទីនេះ ហើយថ្ងៃនេះគឺត្រូវនឹងខួបលើកទី១៩ឆ្នាំនៃថ្ងៃមរណៈភាពអ្នកម្តាយជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ ដែលបានទទួលមរណៈភាពកាលពីថ្ងៃ ១០ មីនា ១៩៩៨។ សម្តេចតេជោ មានសេចក្តីនឹករលឹកយ៉ាងខ្លាំងដល់អ្នកមានគុណ និងសូមជូនកុសលផលបុណ្យថ្ងៃនេះដល់ពលរដ្ឋទាំងអសគ្នា។ សម្តេចតេជោ បានរំលឹកឡើងវិញផងដែរអំពីការរស់រាននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយត្រូវបានបាត់បង់ស្ទើតែទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ ១៩៧៥។ ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ មក គឺបានធ្វើអោយវិស័យពុទ្ធចក្រមានការីកចម្រើនជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្នមានវត្តអារាមទូទាំងប្រទេសប្រមាណជាង ៤ពាន់វត្ត និង ព្រះសង្ឃជាង ៥ម៉ឺនអង្គ ដែលមានប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិយ៉ាងច្រើនកុះករផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថាវិស័យអាណាចក្រ និង ពុទ្ធចក្រគឺត្រូវដើរទៅទន្ទឹមគ្នា។ បើអាណាចក្រមិនរីកចម្រើននោះវិស័យពុទ្ធចក្រក៏មិនរីកចម្រើនដែរ។ កត្តាសន្តិភាពពិតជាមានសារៈសំខាន់ខ្លាំណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន បើគ្មានសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍឡើយ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនឹងក្រៅប្រទេសដែលបានផ្តល់នូវជំនឿជឿជាក់រួបរួមសាមគ្គីក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទី សេនាសនៈដ៏គាប់ប្រសើរក្នុងវិស័ព្រះពុទ្ធសាសនា ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញកាត់ឬសសីម៉ា និងសម្ពោធសមិទ្ឋិផលនៅក្នុងព្រះវិហានេះដាក់អោយប្រជាពលរដ្ឋ ឧបាសក ឧបាសិកា និង ព្រះសង្ឃប្រើប្រាស់ចាប់ពីពេលនេះតទៅ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា