សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធគម្រោងពង្រីករោងចក្រក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Brewery limited Major Expansion project) ស្ថិតនៅភូមិ របោះអង្កាញ់

សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កាលពី២០ឆ្នាំមុន សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានមកសម្ពោធក្រុមហ៊ុននេះដែលពេលនោះបានបោះទុនប្រមានជាង ៥៦លានដុល្លារ ផលិតស្រាបៀប្រភេទ Tiger, ABC, Anchor, Crown។ តែពេលនេះក្រុមហ៊ុនកំពុងរីកលូតលាស់ហើយបានបន្ថែមទុនជាង១០០ លានដុល្លារទៀ់ត ដើម្បីបង្កើតរោងចក្រខ្នាតធំផលិតស្រាបៀគុណភាពលំដាប់ពិភពលោកដែលបានបន្ថែមស្រាបៀ Heineken មួយមុខទៀត។ ទីនេះពីមុនជាតំបន់បោះបង់ចោលមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ តែពេលនេះជាតំបន់ឧស្សាហកម្មរោងចក្រ។ នេះដោយសារប្រទេសជាតិមានសុខសន្តិភាព។ សព្វថ្ងៃក្រុមហ៊ុនបានផ្តល់ការងារដល់ បុគ្គលិកក្នុងស្រុក ៤៥៦ នាក់។ ការរីកចម្រើននៃក្រុមហ៊ុនស្រាបៀកម្ពុជា គឺបានចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងប្រទេស។ ទន្ទឹមនឹងការផលិតចែកចាយសព្វថ្ងៃ ក្រុមហ៊ុនក៏មានការទទួលខុសត្រូវចូលរួមផ្សព្វផ្សាយទប់ស្កាត់អំពីសុវត្ថិភាពគ្រោះថ្នាក់ចរាចរណ៍ជាមួយខ្លឹមសារផ្សព្វផ្សាយ “ការពិសារគ្រឿងស្រវឹង ដោយមានការទទួលខុសត្រូវ និង សុវត្ថិភាពចរាចរណ៍” ជាដើម។ សម្តេចតេជោ ក៏បានរំលឹក និងបន្ថែមផងដែរថា “បើស្រវឹង កុំបើកបរ បើបើកបរកុំស្រវឹង” “ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍”)។ ទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ត្រូវចូលរួមទាំងអស់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សម្តេចតេជោ បានលើកទឹកចិត្តដល់បុគ្គលិកក្រុមហ៊ុន ត្រូវខិតខំយកចិត្តទុកដាក់ធ្វើការងារអោយបានល្អ ហើយទន្ទឹមនឹងនេះ សម្តេច សង្ឃឹមថា កាលណាក្រុមហ៊ុនបានចំណេញច្រើនហើយ គឺនឹងតម្លើងប្រាក់ខែជូនដល់បុគ្គលិកកម្មករជាក់ជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណក្រុមហ៊ុនដែលបានបង់ពន្ឋជូនរដ្ឋជាង១០០លានដុល្លារកន្លងមក ជាមួយនឹងលក្ខ័ណ្ឌការងារល្អៗដល់បុគ្គលិក ព្រមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពមនុស្សធម៍នានា និងកាកបាទក្រហម រួមទាំងសកម្មភាពកីឡាជាដើម។ សម្តេចតេជោ បាន ស្នើអោយក្រុមហ៊ុនចូលរួម Sponsor នៅក្នុងព្រឹត្តិការកីឡាស៊ីហ្គេម ២០២៣ ខាងមុខនេះទៀតផង។ មុននឹងបិទកម្មវិធី សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅពិនិត្យសង្វាក់ផលិតក្នុងរោងចក្រ ព្រមទាំងបានឧបត្ថម្ភថវិការមួយចំនួនដល់បុគ្គលិកក្រុមហ៊ុនទាំងអស់ និងជូនពរដល់ក្រុមហ៊ុនស្រាបៀកម្ពុជាទទួលបានជោគជ័យក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា