សម្តេចតេជោនាយករដ្ឋមន្រ្តី សប្បាយរីករាយខ្លាំងណាស់ ដែលបានអញ្ជើញមកចូលរួមសម្ពោធ ដាក់អោយប្រើប្រាស់ផ្លូវមិត្តភាពកម្ពុជា ហាណូយ ប្រវែង១០គម និងបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ ក្រុងពីមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុប រតនៈផ្លាសា (ភ្លើងស្តុបផ្សារដីហុយ)

កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីដ (North Bridge) ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ ៧មករា ផ្លូវ៦០ម៉ែត្រ (មហាវិថីតេជោ) តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង នៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ ដែលមានប្រវែង ១៦គម ដែលត្រូវចំណាយថវិកាជាង ៦០ លានដុល្លារ ដែលមានហិរញ្ញប្បទានពីប្រទេសចិន រួមជាមួយថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៧ នេះនឹងបើកដាក់អោយប្រើប្រាស់ មហាវិថីតេជោ ដើម្បីកុំអោយកកស្ទះចរាចរណ៍ ជាពិសេសពេល ចេញចូលក្រុងភ្នំពេញ។ នៅពេលអនាគតខាងមុខនេះ គឺនឹងមានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន២ខ្សែ គឺទី ពីជ្រោយចង្វារទៅស្វាយជ្រំ និងទី២ ពីអរីយក្សត្រទៅក្តីតាកុយ។ ផ្លូវខ្សែក្រវាត់ទាំងពីរខាងលើនេះ នឹងសម្រួលព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអាចអោយប្រជាពលរដ្ឋ ជំរុញការដឹកជញ្ជូន ទំនិញពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស និងកាន់តែងាយស្រួលបន្ថែមទៀត។ នេះជាផ្លូវយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលកំពុងកើនដល់ជិត ៣លាននាក់ និងកំណើនយានយន្តជាង ២លានគ្រឿង។ ផ្លូវនេះ នឹងជួយរំដោះចរាចរណ៍រថយន្តដឹកទំនិញធំៗមិនឲ្យចូលក្នុងរាជធានីភ្នំពេញ ហើយក៏ជួយទាញបណ្តារោងចក្រ នានាទៅកាន់ជាយរាជធានីភ្នំពេញផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណមិត្តចិន និងរដ្ឋាភិបាលប្រទេសវៀតណាមដែលបានចូលរួមជួយដល់គម្រោងផ្លូវទាំងពីរខាងលើនេះ។ សូមអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋនិងអ្នកបើកបររថយន្តទូទៅ បើកបរគោរពច្បាប់ កុំដឹកលើសទម្ងន់ និងចូលរួមថែរក្សាផ្លូវថ្នល់អោយបានល្អដើម្បីយើងប្រើប្រាស់បានយូរអង្វែង៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា