សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី១៩ ដែលបានរៀបចំនៅ សាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតបានអបអរសាទរ និងកោតសរសើរចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានរៀបចំអោយមានកម្មវិធីនេះឡើង ដើម្បីអភិរក្ស និងថែរក្សាសិល្បៈ និងបំផុសសេចក្តីស្រឡាញ់វប្បធម៌ជាតិ។ សម្តេចតេជោ បានបញ្ជាក់ថា មានតែយុវជនហើយដែលនឹងត្រូវបន្តវេនថែរក្សាការពារសម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិ។ សម្តេចតេជោ បានណែនាំអោយក្មួយៗអ្នកចម្រៀងយុវវ័យគួរចេះច្រៀងទាំងសម័យ និងបុរាណប្រពៃណី ព្រោះពេលអាយុចាស់ទៅគឺអាចនៅតែមានឱកាសច្រៀងបានគ្រប់វ័យទាំងអស់ ទោះបីនៅវ័យក្មេង និងពេលវ័យចាស់ទៅក៏ដោយ។ សម្តេចតេជោ បានលើកបង្ហាញពីស្ថានភាពប្រទេសជាតិពេលមុន គឺរាល់ពេលការសម្តែងសិល្បៈគឺភ័យភ្នែកនៅកញ្ចឹងក ហើយអ្នកសម្តែងត្រូវបំពាក់កាំភ្លើងជាប់ជានិច្ច ហើយពេលយប់គឺគ្មានអគ្គីសនីទេ គឺប្រើចង្កៀងមាំងស៉ុង មិនដូចសព្វថ្ងៃមានអគ្គីសនី សម្លៀកបំពាក់ និងឧបករណ៍ទំនើបៗ។ នេះគឺដោយសារប្រទេសមានសន្តិភាព។ សម្តេចតេជោ បានសម្រេចផ្តល់ទឹកប្រាក់ ១២ លានដុល្លារ ដើម្បី សាងសង់មជ្ឈមណ្ឌលវប្បធម៌ដ៏ទំនើបមួយលើផ្ទៃដី៤ហិកតា ព្រមទាំងមានគម្រោងរៀបចំ កសាង សាកលវិទ្យាល័យវិចិត្រសិល្បៈដ៏ប្រណីតមួយឆាប់ៗខាងមុខនេះទៀតផង។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនក្នុងកិច្ចការពារ ថែរក្សា អភិរក្សសម្បត្តិវប្បធម៌ជាតិ: ១-កម្លាំងយុវជនគឺជាកម្លាំងសកម្មរបស់សង្គមជាតិ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរអោយបានត្រឹមត្រូវតាមរយៈការផ្ទេរមរតកអោយទៅអ្នកបន្តវេន រួមទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ត្រូវធ្វើការអោយបានស៊ីសង្វាក់គ្នា ទាំងការផ្ទេរ និងការទទួលសំដៅរួមគ្នាថែរក្សាការពារអត្តសញ្ញាណវប្បធម៌ជាតិអោយបានគង់វង្ស។ ២-រៀងរាល់មហោស្រពសិល្បៈនីមួយៗត្រូវចេះចម្រាញ់យកទាំងខ្លឹមសារ និងរូបភាពដ៏សំបូរបែបមកបង្ហាញអោយមានភាពទាក់ទាញ និងសម្របតាមបរិការណ៍សង្គម ដោយឈរលើមូលដ្ឋានអភិរក្សដើម្បីអភិវឌ្ឍន៍ ពោលគឺរក្សាចាស់ បង្កើតថ្មី ប៉ុន្តែថ្មីត្រូវមានជាអត្តសញ្ញាណ។ ៣-ជនជាតិកម្ពុជា គឺជាពូជអ្នកកសាង ជាពូជអ្នកច្នៃប្រឌិតបង្កើតថ្មី ក្នុងទម្រង់ចរនាបទថ្មីរបស់ខ្មែរ ហេតុនេះត្រូវខិតខំបណ្តុះគ្រាប់ពូជនេះអោយបានរីកសាយភាយ អោយបានច្រើនឡើង ជាពិសេសបង្កើតស្នាដៃថ្មី ដែលជាស្នាដៃរបស់យើងផ្ទាល់ ចៀសវាងការលួចចម្លងទាំងដុលពីបរទេសដែលជាភាពអាម៉ាស់អាប់អោនដល់កិត្យានុភាពជាតិ។ ម្យ៉ាងវិញទៀតបរិស្ថានវប្បធម៌ក្នុងចរន្តសាកលភាវូបនីយកម្មក្នុងសម័យបច្ចុប្បន្នដែលកំពុងហូរចូលយ៉ាងគំហ៊ុកពីគ្រប់ទិសទីដែលអាចជះឥទ្ធិពលអវិជ្ជមានមកលើយុវវ័យយើង ដូចច្នេះក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន និងមានវិធានការទប់ស្កាត់អោយមានប្រសិទ្ធភាពខ្ពស់។ ៤-ត្រូវយកចត្តទុកដាក់ស្រាវជ្រាវអោយបាទូលំទូលាយ ស៊ីជម្រៅអំពីវប្បធម៌នានានៅកម្ពុជា ជាពិសេសវប្បធម៌ជនជាតិដើមភាគតិច ដើម្បីប្រមូលចងក្រងទុកជាសម្បត្តិវប្បធម៌មួយរបស់កម្ពុជា អោយសក្តិសមជាព្រះរាជាណាចក្រនៃវប្បធម៌ ជាសួនច្បារចម្រុះពណ៌ ។ ៥-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវផ្សព្វផ្សាយ និងបង្ហាញខ្លឹមសារពីការងារវប្បធម៌ កាលបរិច្ចេទនានាដូចជាទិវាវប្បធម៌ កាលបរិច្ចេទនៃការបញ្ចូលរមណីដ្ឋានតំបន់អង្គរ ប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក របាំព្រះរាជ្យទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ... ជាបេតិកភ័ណ្ឌអរូបីនៃមនុស្សជាតិ តាមបណ្តាញសារព័ត៌មាន និងប្រតិទិនជាដើម។ ៦-ក្រសួងគួរពិនិត្យលទ្ធភាពដើម្បីរៀបចំការផលិតផ្សព្វផ្សាយនូវតន្ត្រី និងចម្រៀងវប្បធម៌ដែលមានចរិតស្នេហាជាតិ ស្នេហាព្រៃព្រឹក្សា វប្បធម៌ជាតិខ្មែរ ប្រទេសខ្មែរ និងភាពល្អប្រសើរនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ដើម្បីអប់រំស្មារតីអោយកូនចៅចេះស្រលាញ់ ចេះអភិរក្សសម្បត្តិវប្បធម៌ជាតិ និងស្មារតីពលីកម្មក្នុងការថែរក្សាការពារជាតិ មាតុភូមិជាតិយើង។ មុននឹងបិទកម្មវិធី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ក្មួយៗជ័យលាភីដែលមានស្នាដៃសិល្បៈឆ្នើមមកពីទូទាំងប្រទេស ព្រមទាំងជូនពរដល់មន្រ្តីក្រសួងវប្បធម៌ សាស្រ្តាចារ្យ វិរៈសិល្បករ សិល្បករ សិល្បការនី មរតកមនុស្សរស់ និងក្មួយៗយុវជន ដែលបានចូលរួលអភិរក្ស ថែរក្សា ការពារសិល្បៈប្រពៃណីទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិខ្មែរអោយនៅបានរស់គងវង្សសម្រាប់ខ្មែរគ្រប់ជំនាន់ សក្តិសមជាព្រះរាជាណាចក្រនៃវប្បធម៍៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា