សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកសម្ពោធអគារសិក្សាថ្មីមួយខ្នងកម្ពស់ ៣ជាន់ មាន១៨បន្ទប់ និងអគារទីចាត់ការមួយខ្នងមាន ៣បន្ទប់ ក្នុងអនុវិទ្យាល័យ ហ៊ុន សែន បឹងកុក ខេត្តកំពង់ចាម។ សម្តេចតែជោនាយករដ្ឋមន្រ្តី បានសម្រេចផ្តល់អាគារសិក្សានេះ

គឺក្នុងពេលដែលសម្តេចបានបានចុះសំណេះសំណាលជាមួយមន្រ្តីរាជការ ក្មួយៗសិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។ ប្រវត្តិនៃការទទួលបានអាគារសិក្សាថ្មីនេះ គឺបានតាមរយៈទំនាក់ទំនង Comment ផ្ញើចូលមក Facebook សម្តេចតេជោព្រោះអាគារចាស់មានសភាពទ្រុឌទ្រោមគួរអោយភ័យខ្លាច។ នៅកំពង់ចាមនេះ ពីមុនគឺជាសមរភូមិ។ តែពេលនេះជាទីក្រុងសន្តិភាពរីកចម្រើន។ សម្តេចតេជោ បន្តធ្វើការផ្លាស់ប្តូរជាវិជ្ជមានបន្តទៀតដើម្បីអោយកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។ បើនិយាយអំពីការផ្លាស់ប្តូរវិញ គឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនបានផ្លាស់ប្តូរពីប្រទេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នុងដំណាក់កាលសង្រ្គាមក្លាយមក ជាប្រទេសមានសុខសន្តិភាព និងរីកចម្រើន។ សម្តេចតេជោបានបញ្ជាក់ផងដែរអំពីការផ្លាស់ប្តូររៀបចំប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការអោយបានសមរម្យ គឺប្រាក់ខែបានឡើងមួយដំណាក់ៗហើយ។ ប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតគឺជាង ៩៥ម៉ឺនរៀល ហើយបើអ្នកដែលមានប្រាក់តំបន់រួមបញ្ចូលបន្ថែមទៀតគឺនឹងទទួលបានជាង១លានរៀល។ ការគិតមួយថ្ងៃៗគឺមិនងាយស្រួលទេ។ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះគឺរាជរដ្ឋាភិបាលនឹងចំណាយថវិកាជាង ៧លានដុល្លារ ដើម្បីឧបត្ថម្ភដល់មន្រ្តីរាជការ ដែលនឹងទទួលបានចំនួន៥ម៉ឺនរៀលក្នុងមួយនាក់។ នៅក្នុងការធ្វើដំណើរព្រឹកមិញនេះ សម្តេចតេជោ បានពិនិត្យឃើញតារាងបាល់ទាត់ខេត្តត្រូវការជួសជុលកែលម្អ សម្តេចបានស្នើអោយកងវិស្វកម្មតេជោ រៀបចំធ្វើតារាងបាល់ទាត់អោយបានស្អាតល្អ និងរៀបចំដាក់បង្គោលភ្លើងបំភ្លឺសម្រាប់ទាត់បាល់ពេលយប់ទៀតផង។ សម្តេចតេជោ ក៏បានអំពាវនាវអោយក្មួយៗសិស្សានុសិស្ស និងចៅៗចូលរួមលេងកីឡាគ្រប់ៗគ្នា។ នៅក្នុងពិធីសំណេះសំណាលព្រឹកមិញនេះ សម្តេចតេជោ បានផ្តល់អោយនិស្សិតពេទ្យ និងសាស្រ្តាចារ្យបានទៅកំសាន្តនៅក្រុងកំពង់សោមទៀតផង។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបប្រាប់ក្មួយៗចៅៗសិស្សានុសិស្សផងដែរថា នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺនឹងមានចែកជូនសៀវភៅប្រៀនប្រដៅក្រមង៉ុយនៅទូទាំងប្រទេស។ សូមក្មួយៗអានអោយបាន គ្រប់ៗគ្នា ព្រោះជាច្បាប់អប់រំ។ ទន្ទឹមនឹងនេះ សម្តេចនឹងប្រមែប្រមូលអភិរក្សគម្ពីរសាស្រ្តាស្លឹករិទ្ឋ រៀបចំអោយអ្នកដែលកំពុងផលិតសាស្រ្តាស្លឹករិទ្ឋនេះចងក្រងឡើងវិញគឺថែទាំចាស់ និងផលិតថែមថ្មី ធ្វើយ៉ាងណាអោយក្មួយៗចៅៗបានស្គាល់អ្វីដែលជារបស់ខ្មែរ គឺយើងរួមដើម្បីរួមគ្នាថែទាំស្នាដៃ និងទំនៀមទម្លាប់ខ្មែរកុំអោយបាត់បង់។ មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់អាគារ និងសមិទ្ឋិផលក្នុងសាលាដល់ក្មួយៗសិស្សានុសិស្ស។ សូមក្មួយៗ លោកគ្រូអ្នកគ្រូ អាជ្ញាធរ និងអាណាព្យាបាល ចូលរួមថែរក្សាសំណង់អាគារអោយបានល្អដើម្បីយើងប្រើប្រាស់បានយូរអង្វែង និងជូនពរក្មួយៗចៅៗសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា និងមានអនាគតល្អគ្រប់ៗគ្នា៕

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា