សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Imai Seiji នាយកប្រតិបត្តិនៃធនាគារ MIZUHO ប្រចាំតំបន់អាស៊ី និងអូសេអានី

ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក Imai Seiji អរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ពេលវេលា និងកត្តិយសអោយក្រុមការងារលោកបានចូលជួបពិភាក្សាការងារវិនិយោគ។ ទន្ទឹមនឹងនេះ លោកនាយកបានកោតសរសើរ សម្តេចតេជោ ដែលបានខិតខំដឹកនាំប្រទេសកម្ពុជារហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ។ ធនាគារ MIZUHO គឺជាធនាគារខ្នាតធំជប៉ុនលើកទី១ មកកាន់កម្ពុជាដែលមានសាខានៅក្នុងប្រទេសចំនួន៣០។ តាមរយៈធនាគារនេះ គឺនឹងសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អ្នកវិនិយោគទាំងជនជាតិជប៉ុន កម្ពុជា និងអ្នកវិនិយោគដទៃទៀតដែលមកបណ្តាក់ទុននៅក្នុងប្រទេសយើងឱ្យកាន់តែងាយស្រួលឡើងថែមទៀត។ ទន្ទឹមនឹងនេះ វត្តមានធនាគារ MIZUHO នឹងនាំមកនូវអ្នកវិនិយោគជប៉ុនជាច្រើនមកកម្ពុជានៅពេលអនាគតខាងមុខនេះ។ លោកនាយកក៏បានថ្លែងអំណរគុណ សម្តេចតេជោ ធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានគាំទ្រ និងជំរុញដល់ការវិនិយោគរបស់ធនាគារលោកនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជួយកម្ពុជាកន្លងមក រួមទាំងការនាំមកនូវសុខសន្តិភាព ការគៀងគរជំនួយ និងការផ្តល់នូវថវិកាជំនួយឥតសំណងចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ប្រទេស ហើយក្នុងពេលនេះទៀតសោត គឺកំពុងតែជួយទាក់ទាញ និងជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀតផង។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៦ កន្លងទៅនេះ គឺមានក្រុមហ៊ុនអាកាសចរណ៍ជប៉ុនខ្នាតធំ Anna Air ដែលបានមកវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ គឺមានធនាគារខ្នាតធំជប៉ុន MIZOHO មកកម្ពុជាទៀត។ ទាំងនេះ បញ្ជាក់ប្រាប់ដល់អ្នកវិនិយោគជប៉ុនអោយមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឱ្យធនាគារ MIZUHO ទទួលបានជោគជ័យក្នុងការបណ្តាក់ទុននៅកម្ពុជា នឹងសង្ឃឹមយ៉ាងមុតមាំថា ធនាគារបនឹងជួយផ្សទាក់ទាក់ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនថែមទៀតមកបណ្តាក់ទុនធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា