សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទ « ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអបអសាទរ និងកោតសរសើរដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ឋទាំងអស់ដែលបានរៀបចំវេទិកានេះដោយជោគជ័យ។ ពិតណាស់ សុខសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់ជាមួយនឹងហេដ្ឋាសម្ពន័ល្អរបស់កម្ពុជាគឺបានធ្វើអោយប្រទេសជាតិកាន់តែរីក ចម្រើនទៅមុខ។ វិស័យទេសចរណ៍បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមទាំងក្នុងការទ្រទ្រង់ការធ្វើសមាហរណកម្មក្នុងតំបន់ផងដែរ និងបានចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សទៀតផង។ ក្នុងឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាបានទទួលទេសចរជាង ៥លាន៤សែននាក់ ដែលនាំមកនូវប្រាក់ចំណូលជាង ៣,៤០០ដុល្លារ។ នៅឆ្នាំ ២០២០ យើងរំពឹងថាចំនួនទេសចរនឹងកើនឡើងដល់ ៧លាននាក់ ជាមួយប្រាក់ចំណូលប្រមាណ៥ ពាន់ លានដុល្លារ និងឱកាសការងារកើនដល់ជាង១លាននាក់។ ទន្ទឹមនឹងនេះដែរ កម្ពុជាអាចនឹងប្រឈមការប៉ះពាល់ខ្លះៗដោយសារភាពមិនប្រក្រតីនៃស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលអាកាសធាតុជាដើម។ កម្ពុជាត្រូវខិតខំប្រឹងប្រែងខ្លួនឯងអោយបានខ្លាំង ថែមទៀត ដើម្បីទទួលបាននូវភាពរីចម្រើនសម្រេចតាមបំណងប្រាថ្នាសំដៅកែលម្អជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ និងក្នុងការរួមចំណែកថែរក្សាផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ចំណុចសំខាន់ៗមួយចំនួនទៀតដែលកម្ពុជាត្រូវយកចិត្តទុកដាក់ដូចជា ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព និងសុខមាលភាពពលរដ្ឋ ការគិតគូរចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបទៅនឹងការបំរែបម្រួលធម្មជាតិ និងវិធានការការពារធនធានធម្មជាតិជាដើម។ យើងទាំងអស់់គ្នាត្រូវ រួមគិត រួមធ្វើ រួមទទួលខុសទាំងនៅក្នុងកម្រិតជាតិ និងនៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតរបស់អាស៊ានរួមទាំងឆ្លើយតបទៅនឹងទិសដៅនៃរបៀបវារៈការអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការ សហប្រជាជាតិនៅឆ្នាំ ២០៣០ផងដែរ។ យើងដឹងច្បាស់ណាស់ថា ទេសចរមិនប្រថុយមកដើរលេងក្នុងប្រទេសដែលកំពុងមានអស្ថេរភាព និងមានសង្គ្រាមដូចជានៅមជ្ឈិមបូពា៍ទេ ហើយពួកគេក៏នឹងមិនមកស្រូបយកអាកាសធាតុស្អុយដែរ។ កម្ពុជាយើងត្រូវធានាសន្តិសុខសុវត្ថិភាពអោយបានដាច់ខាត ដើម្បីទាក់ទាញទេសចរណ៍។ ឧទាហរណ៍ជាក់ស្តែង អង្គរវត្តកម្ពុជាដែលបានកសាងជាងពាន់ឆ្នាំមកហើយ គឺមិនមានអ្នកទៅទស្សនា ព្រោះពេលនោះដោយសារប្រទេសយើងមានសង្រ្គាម។ ដោយតម្លៃណាក៏ដោយ គឺត្រូវតែការពារសន្តិភាពអោយ ខានតែបាន។ ទន្ទឹមនឹងនោះដែរ ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់ក្រសួងស្ថាប័នពាក់ព័ន្ឋក្នុងការរៀបចំតំបន់ខ្សែក្រវាត់ខៀវបៃតងនៅតំបន់ទេសចរណ៍ ដោយមានការផលិត និងដាំដុះបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ទៅអោយសណ្ឋាគារ និងភោជនីយដ្ឋាននានា។ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ និងមន្ទីរសា្ថប័នពាក់ព័ន្ឋ ត្រូវចូលរួមរៀបចំការប្រឡងប្រណាំងកម្មវិធីខ្សែក្រវ៉ាត់បៃតងនេះ។ ទន្ទឹមនឹងនេះ គឺបន្តជំរុញ និងលើកតម្កើងដល់សណ្ឋាគារ និងភោជនីយដ្ឋាននានាអោយប្រើប្រាស់អង្ករ បន្លែបង្កាត្រីសាច់ និងផលិតផលក្នុងស្រុកអោយបានច្រើន និងប្រើប្រាស់សិល្បៈខ្មែរ។ យើងចូលរួមទប់ស្កាត់ចំពោះអំពើភេរវកម្មគ្រប់រូបភាព។ សម្តេច តេជោ ក៏បានកោតសរសើរដល់កងនគរបាល អាវុធហត្ថ និងស្ថាប័នពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមទប់ស្កាត់ការរត់ពន្ឋគ្រឿងញៀន និងអំពើល្មើសច្បាប់ឆ្លងដែនចូលមកកម្ពុជា។ ដើម្បីទាក់ទាញកំណើនទេសចរអោយមានសន្ទុះខ្លាំងឡើង សម្តេចតេជោ បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ៥ដូចជា ១)ត្រូវរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ សម្អាតសំរាម ផ្សព្វផ្សាយពីអនាម័យ គឺផ្តើមពីយើងដោយមានការចូលរួមពី សហគមន៍ និងគ្រួសារនីមួយៗ ជាពិសេសពីក្រុមអ្នកស្ម័គ្រចិត្ត និងយុវជន។ ២)រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋានសាធារណៈដូចជាផ្លូវថ្នល់ ផ្លូវលំអោយបានងាយស្រួល និងរៀបចំចំណតយានយន្តអោយបានត្រឹមត្រូវល្អ ព្រមទាំងជំរុញការអនុវត្តច្បាប់ចរាចរណ៍អោយបានល្អផងដែរ។ សម្តេចតេជោ បានរំលឹកផងដែរកុំអោយដោះដូរផ្លាស់ប្តូរចំណតរថយន្តចាស់យកទៅដាក់នៅទីតាំងថ្មី ចៀសវាងការយល់ច្រឡំ និងបង្កបញ្ហាផ្សេងៗដល់ប្រជាពលរដ្ឋ។ ៣)ជំរុញ គាំទ្រ និងលើកតម្កើងរមណីយដ្ឋានដែលមានការអភិវឌ្ឍគិតគូរអំពីបរិស្ថាន និងមានទស្សនៈទានបៃតង ។ ៤)យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ដោយខិតខំដោះស្រាយផ្តល់ជូននូវសេវាសាធារណៈបម្រើប្រជាជនដោយភាពស្មោះត្រង់ និងកក់ក្តៅ ព្រមទាំងចូលរួមបដិសណ្ឋារកិច្ចល្អ។ ៥)ថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ចាត់វិធានការទប់ស្កាត់គ្រឿងញៀន “ថាទេ ចំពោះគ្រឿងញៀន”។ គឺអោយគេលេងមកហើយ ហើយអោយគេមកវិញទៀត ដោយនាំមកនូវក្រុមគ្រួសារ និងមិត្តភ័ក្តិមកថែមទៀត។ គឺត្រូវធ្វើដោយស្នាមញញឹមរួសរាយរាក់ទាក់។ ការរីកចំរើននៃវិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម គឺជាសញ្ញានៃការរីកចម្រើននៃប្រទេសជាតិទាំងមូល។ មុននឹងបិទកម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រគល់ពានរង្វាន់ធុរកិច្ចបៃតងលើកទី២ អមដោយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណល្អរបស់ក្រុង-ខណ្ឌ ក្នុងវិស័យទេសចរណ៍ដល់ម្ចាស់ សណ្ឋាគារ រមណីយដ្ឋាន និងភោគជនីយដ្ឋាន ព្រមទាំងទីក្រុងស្អាតមួយចំនួនមកពីទូទាំងប្រទេស។ នេះគឺជាការគាំទ្រដែលបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីរាជរដ្ឋាភិបាលម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា