សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃ

និងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គមជូនដល់ប្រជាពលរដ្ឋ។ សម្ដេចតេជោក៏បានលើកឡើងផងដែរអំពីការខិតខំរបស់រដ្ឋាភិបាលក្នុងការតម្លើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ ព្រមទាំងបានបន្ថយតម្លៃអគ្គិសនី និងបានផ្ដល់នូវសេវាឥតគិតថ្លៃជាច្រើនដល់ប្រជាពលរដ្ឋរួមមាន សំបុត្រកំណើត សៀវភៅគ្រូសារ លិខិតអាពាហ៍ពិពាហ៍ អត្តសញ្ញាប័ណ្ណ …ជាដើម។ល។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានកោតសរសើរដល់ស្នាដៃរបស់មន្រ្តីនគរបាល ដែលចាប់បានគ្រឿងញៀនជាង ១៩៤គីឡូក្រាម និងចាប់បានការរត់ពន្ឋភ្លុកដំរី និងកុយរមាសជាច្រើនតោនពីប្រទេសក្រៅចូលតាមច្រកកម្ពុជា។ សម្តេចតេជោ បានសម្រេចអោយរក្សាទុកភ្លុកដំរី និងកុយរមាសទាំងនេះសម្រាប់តាំងពិពណ៍ក្នុងប្រទេសព្រោះជាវត្ថុកម្រ ដើម្បីអោយប្រជាពលរដ្ឋបានស្គាល់។ សម្ដេចតេជោ បានក្រើនរំលឹកដល់មន្ត្រីក្រសួងមហាផ្ទៃ និងស្ថាប័នចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់បន្តរក្សាសន្តិសុខ ស្ថេរភាពសង្គម ទប់ស្កាត់អោយបាននូវអំពើភេរវកម្ម ការប៉ុនប៉ង វិច្ឆេទកម្មនានា រួមទាំងការប្រើទឹកដីកម្ពុជាដើម្បីប្រយោជន៍ប្រទេសណាមួយ គឺមិនអនុញ្ញាតដាច់ខាត។ ត្រូវបន្តអនុវត្តទប់ស្កាត់អោយបាននូវការរីករាលដាលថ្នាំញៀន តាមរយៈការអប់រំនៅតាមផ្ទះដោយផ្ទាល់ពីសំណាក់ឪពុកម្ដាយ ក្រុមគ្រួសារ ព្រះសង្ឍ និងសង្គមស៊ីវិល។ បើអាងលើកម្លាំងនគរបាល និងតុលាការ គឺមិនគ្រប់គ្រាន់ទេ គឺទាមទារការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់។ សម្តេរចតេជោ បានជំរុញអោយពង្រឹងសន្តិសុខនៅតាមអាកាសយានដ្ឋានអោយបានល្អ និងទប់ស្កាត់បទល្មើសផ្សេងៗអោយបាន រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រទេសជាប់ព្រំដែនរបស់យើង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់កាសែត សារព័ត៌មាន វទ្យុ ទូរទស្សន៍ និងក្រុមហ៊ុនទូរស័ព្ទដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ រួមទាំងការផ្សាយតាមសម្លេង ខលធូនអំពី “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ”។ សម្តេចបានអរគុណដល់ក្រុមហ៊ុនមួយចំនួនដែលបានផ្លាស់ប្តូរូបសញ្ញាឡូហ្គូ (Logo) របស់ខ្លួនមិនអោយជាន់លើឡូហ្គូរបស់រាជរដ្ឋាភិបាលបានលឿនឆាប់រហ័ស។ ទន្ទឹមនឹងនោះដែរ គឺសម្តេចតេជោ បានណែនាំ អោយអាជ្ញាធរនៅតាមមូលដ្ឋានយកចិត្តទុកដាក់ តាមដានពិនិត្យអំពីសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងការ ប្រគល់ផ្សារអោយប្រជាពលរដ្ឋលក់ដូរ ដើម្បីកុំអោយមានបញ្ហារំខានឬបក ស្រាយខុសដោយបុគ្គលអគតិមួយចំនួន ធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំខឹងសម្បារ ក្នុងនោះរួមទាំង ”សិទ្ឋិលក់សិទ្ឋិ” ដល់ម្ចាស់តូបផងដែរ និងខិតខំវអនុវត្តសារាចរណែនាំផ្សារអោយបានល្អ ជាពិសេសត្រូវត្រួតពិនិត្យចំពោះការមិនយកភាស៊ីសម្រាប់អ្នកលក់ដូរតូចតាចតាមកញ្ជើរ កញ្ច្រែងល្អី នៅតាមផ្សារទូទាំងប្រទេសអោយខានតែបាន។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់សារជាថ្មីផងដែរ អំពីថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ នេះ គឺគ្មានការការប្រែឡើយ ដូច្នេះអាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចត្រូវយកចិត្តទុកការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីអោយបរិយាកាសបោះឆ្នោតខាងមុខនេះដំណើរការទៅរលូនប្រកបដោយប្រជាធិបតេយ្យ ត្រឹមត្រូវ សេរី យុត្តិធម៌សម្រាប់គណបក្សទាំងអស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់មន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានរួមសហការគ្នា ដើម្បីថែរក្សាសន្តិសុខ ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា